ភ្នំពេញ៖ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអបរំយុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពីការត្រៀមលក្ខណៈរៀបចំការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ខេត្តកែប ស្វាយរៀង និងខេកំពង់ឆ្នាំង។

ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា លោក ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួង លោក ហួត សេងទ្រី ប្រធាននាងយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា លោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឹកកីឡា ប្រធានការិយាល័យទាំង ២៥ រាជធានី ខេត្ត និងតំណាងសហព័ន្ធកីឡាជាតិ។

លោក ហួត សេងទ្រី ប្រធាននាងយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡាបានគូសបញ្ជាក់ថា ការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ខេត្តកែប ស្វាយរៀង និងខេកំពង់ឆ្នាំង ។កីឡាករ-កីឡាការិនី ត្រូវបានកំណត់អាយុតាមប្រភេទកីឡានីមួយៗ ហើយកីឡាករ កីឡាការិនីត្រូវមានសញ្ជាតិខ្មែរ និងកំពុងរស់នៅអចិន្ត្រៃយ៍នៅកម្ពុជា និងកីឡាករ កីឡាការិនីត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនសញ្ជាតិខ្មែរ ទើបអាចចូលរួមប្រកួតបាន។

ពិធីបើកការប្រកួតជាផ្លូវការនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅពហុកីឡដ្ឋានជាតិ អូឡាំពិក ។ ពិធីបិទនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

ដោយ៖លី ភីលីព
