បារាំង៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាករបាល់ទាត់ជម្រើសជាតិបារាំង និងជាកីឡាករឆ្នើមរបស់ក្រុម Bayern Munich គឺលោក Michael Olise កំពុងប្រឈមមុខនឹងប្រតិកម្មជាសាធារណៈ បន្ទាប់ពីអតីតមិត្តស្រីរបស់លោកបានចោទប្រកាន់លោកពីបទធ្វេសប្រហែសកូនស្រីរបស់ពួកគេ។
ខ្សែបម្រើវ័យ ២៤ ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងជាប់ពាក់ព័ន្ធនឹងជម្លោះផ្លូវច្បាប់លើការគ្រប់គ្រងកូន និងការបង់ប្រាក់ឧបត្ថម្ភ។
កាសែតអាល្លឺម៉ង់ Bild បានបង្ហាញថា លោក Olise មានកូនស្រីអាយុ ២០ ខែជាមួយនាង Fatima Zaunbrecher អាយុ ៣៤ ឆ្នាំ។ នេះជាលើកដំបូងដែលនាងបាននិយាយជាសាធារណៈអំពីទំនាក់ទំនងរបស់នាងជាមួយកីឡាករបាល់ទាត់រូបនេះ។
Zaunbrecher បានប្រាប់ Bild ដោយបន្ថែមថា ភាពគ្មានមេត្តារបស់លោក Olise គឺគួរឲ្យរន្ធត់ណាស់។”តើអ្នកមានចិត្តអាក្រក់ចំពោះកូនរបស់អ្នកប៉ុណ្ណា?”។
យោងតាមនាង Zaunbrecher និយាយថា លោក Olise មិនបាននិយាយជាមួយនាងដោយផ្ទាល់ទេ ចាប់តាំងពីកំណើតកូនស្រីរបស់ពួកគេឈ្មោះ Aaliyah Noor។ ស្ត្រីមកពី Dusseldorf ប្រទេសអាល្លឺម៉ង់ បាននិយាយថា ការទំនាក់ទំនងទាំងអស់ត្រូវបានដោះស្រាយយ៉ាងតឹងរ៉ឹងតាមរយៈមេធាវីរបស់ពួកគេ។ នាងក៏បានអះអាងថា ចំនួនទឹកប្រាក់ឧបត្ថម្ភកុមារដែលក្រុមមេធាវីរបស់លោក Olise ផ្តល់ជូនដំបូងគឺតិចតួចណាស់មិនគួរឱ្យជឿ។
ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ពី Daily Mail ផ្តល់នូវទស្សនៈខុសគ្នា។ ប្រភពដែលស្និទ្ធនឹងកីឡាករបារាំងរូបនេះបានទទូចថា Olise មិនដែលបដិសេធមិនជួបកូនស្រីរបស់គាត់ទេ ហើយថាគាត់បានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុសមរម្យដើម្បីជួយថែទាំកុមារ។
នាង Zaunbrecher បានរៀបរាប់ថា នាង និង Olise ដំបូងបានភ្ជាប់ទំនាក់ទំនងគ្នានៅលើបណ្តាញសង្គម Instagram ឆ្នាំ ២០២២ ខណៈកីឡាករខ្សែបម្រើរូបនេះកំពុងលេងឲ្យក្រុម Crystal Palace ក្នុងក្របខណ្ឌ Premier League។ ពួកគេបានផ្លាស់ប្តូរសារអស់រយៈពេលប្រហែល ២ ខែ មុនពេលនាងហោះហើរទៅកាន់ទីក្រុងឡុងដ៍សម្រាប់ការណាត់ជួបជាផ្លូវការលើកដំបូងរបស់ពួកគេ៕
