ភ្នំពេញ ៖ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក ឃ្លាំង ចន្ធា អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកកម្ពុជាតំណាងលោក លោក ជា សុមេធី ជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកកម្ពុជា និងលោក តូ រិទ្ធិយ៉ា នាយករងនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា តំណាង លោកស្រី កែវ មនោរម្យ នាយិកាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាបានអញ្ជើញជាអធិបតីពិធី វគ្អអប់រំសុខភាព និងកីឡាសម្រាប់ជនពិការសតិបញ្ញាដល់គរុនិស្សិតអប់រំកាយ និងកីឡា នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដែលរៀបចំដោយគណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកកម្ពុជាសហការជាមួយវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ។

លោក ឃ្លាំង ចន្ធា អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកកម្ពុជា បានប្រាប់ឲ្យដឹងថា គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់ការពង្រីក ចលនាកីឡា ល្បែងកម្សាន្ត កម្មវិធីត្រួតពិនិត្យសុខភាព និងកម្មវិធីអប់រំផ្សេងៗទៀត ជារៀងរាល់ឆ្នាំទៅដល់សហគមន៍ និងក្រុមគោលដៅដែលគ្រប់គ្រង មើលថែជនពិការសតិបញ្ញា ។ ថ្ងៃនេះ ដោយមានការសហការ ជាមួយវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា បានរៀបចំកម្មវិធីនេះឡើង នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ជាស្ថាប័នអប់រំបណ្តុះបណ្តាលគ្រូអប់រំកាយ និងកីឡា ដល់សិក្ខាកាមចំនួន៥១នាក់ ស្រី២១នាក់ ដែលជាគរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ។

លោកអគ្គលេខាធិការ បានបញ្ជាក់ថា វគ្គសិក្សានេះ មានគោលបំណងអប់រំសុខភាព និងកីឡាសម្រាប់ជនពិការសតិបញ្ញា ដល់គ្រូអប់រំកាយ និងកីឡាឲ្យមានការយល់ដឹងអំពីការថែរក្សាសុខភាព អនាម័យ និងវិធីសាស្ត្របង្ហាត់ បង្រៀនដល់ជនពិការសតិបញ្ញា ដើម្បីបម្រើសុខុមាលភាព និងភាពសប្បាយ រីករាយដល់ពួកគាត់ ដែលជាការពង្រឹង នូវសមត្ថភាពកម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាស្មារតី មានសាមគ្គីភាព មានទំនាក់ទំនង ជាមួយបងប្អូនជនមានពិការភាព ។

ចំពោះកម្មវិធីសិក្សានេះ មានដូចជា ប្រវត្តិ និងបេសកកម្មរបស់ស្ប៉េស្យាល់ អូឡាំពិកអន្តរជាតិ រចនាសម្ព័ន្ធ និងសកម្មភាពនានានៅកម្ពុជា ភាពខុសគ្នារវាងកីឡាអូឡាំពិក កីឡាប៉ារ៉ាឡាំពិក និងកីឡាស្ប៉េស្យាល់អូឡាំពិក ការអប់រំសុខភាពដូចជា គោលការណ៍ថែទាំសុខភាព អនាម័យ ការទទួលទានអាហារមានតុល្យភាព ការធ្វើលំហាត់ប្រាណ ការគេងឲ្យបានគ្រប់គ្រាន់ ការបរិភោគទឹក ការថែទាំសុខភាពផ្លូវចិត្ត ជៀសវាងអាកប្បកិរិយាប៉ះពាល់សុខភាព និងការពិនិត្យសុខភាពជាប្រចាំ ។

លោក ឃ្លាំង ចន្ធា អគ្គលេខាធិការ បានបន្ថែមថា ការថែទាំកុមារពិការភាពបញ្ញា រួមទាំងការថែរក្សាសុខភាពមាត់ធ្មេញដូចជា មូលហេតុដែលបង្កឱ្យមានជំងឺពុកធ្មេញ ចំណាត់ការ ក្នុងការថែទាំសុខភាព មាត់ធ្មេញ ភាពចុះខ្សោយ នៃសោតវិញ្ញាណ-ការស្តាប់(គថ្លង់) ការចុះខ្សោយ ផ្នែកចក្ខុវីញ្ញាណ-គំហើញ (ខ្សោយគំហើញ) លយ់ដឹងពីផល ប៉ះពាល់ នៅពេល ដែលមានសុខភាពមាត់-ធ្មេញមិនល្អ និងសារអប់រំណែនាំអំពីការ ថែទាំសុខភាពមាត់ធ្មេញដល់កុមារតូច និងក្មេងៗនៅកម្ពុជា ។ ព្រមទាំងបានផ្សព្វផ្សាយ ដល់ក្រុមគ្រួសារ ឪពុកម្តាយ អាណាព្យាបាល គ្រូបង្វឹក ឬអ្នកដែលជិតស្និទ្ធិបំផុត របស់ពួកគាត់ ដែលជាកត្តាសំខាន់ក្នុងការបំផុសជំរុញ លើកទឹកចិត្តដល់ពួកគាត់ ដើម្បីចូលរួមកម្មវិធីនានា របស់ស្ប៉េស្យាល់អូឡាំពិកកម្ពុជា ៕






