កីឡា

លោក Hajime Moriyasu បន្តដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន សម្រាប់ការប្រកួតពានរង្វាន់ Asian Cup

តូក្យូ៖នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកកាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា លោក Hajime Moriyasu បានចុះកិច្ចសន្យាថ្មីមួយ ដើម្បីក្លាយជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ Asian Cup ឆ្នាំក្រោយ បន្ទាប់ពីលោកបាននាំពួកគេទៅកាន់វគ្គជម្រុះនៅព្រឹត្តិការណ៍World Cup ។

ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបាននិយាយថា កិច្ចសន្យា នឹងផុតកំណត់ បន្ទាប់ពីការប្រកួតពានរង្វាន់ Asian Cup ដែលប្រព្រឹត្តទៅនៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី ៧ ខែមករា ដល់ថ្ងៃទី ៥ ខែកុម្ភៈ។

នេះបើយោងតាមរបាយការណ៍ ដែលដកស្រង់សម្តីរបស់សមាគមបាល់ទាត់ជប៉ុន បាននិយាយថា លោកនឹងចុះចេញពីតំណែង ដោយមិនគិតពីការប្រកួតរបស់ជប៉ុនក្នុងការប្រកួតនោះទេ ហើយនឹងត្រូវបានជំនួសដោយគ្រូបង្វឹកក្រុមអាយុក្រោម ២៣ ឆ្នាំបច្ចុប្បន្ន លោក Go Oiwa ។ លោក Moriyasu ជាអ្នកចាត់ការទូទៅដែលបម្រើការយូរបំផុតរបស់ជប៉ុន និងបានចូលកាន់តំណែងបន្ទាប់ពី World Cup 2018 នៅប្រទេសរុស្ស៊ី។

គ្រូបង្វឹកវ័យ ៥៧ ឆ្នាំរូបនេះបានដឹកនាំ ក្រុមឲ្យទទួលបានជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើលលើអាល្លឺម៉ង់ និងអេស្ប៉ាញក្នុងព្រឹត្តិការណ៍ការ ប្រកួតកីឡាបាល់ទាត់ពិភពលោក ឆ្នាំ២០២២២ “World Cup 2022” មុនពេលចាញ់ក្រូអាតដោយការទាត់បាល់ប៉េណាល់ទីក្នុងវគ្គ ១៦ ក្រុមចុងក្រោយ។

លោកបាននាំពួកគេទៅកាន់វគ្គ ៣២ ក្រុមចុងក្រោយនៅព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពិភពលោក” World Cup” ឆ្នាំនេះនៅអាមេរិកខាងជើង ជាកន្លែងដែលពួកគេបានធ្លាក់ចេញបន្ទាប់ពីបានរបូតគ្រាប់បាល់នៅម៉ោងបន្ថែមក្នុងការចាញ់ប្រេស៊ីល លទ្ធផល ២-១។

លោក Moriyasu ក៏បានដឹកនាំក្រុមជប៉ុនក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ Asian Cup ចំនួន២លើក Copa America មួយលើក និងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២១ ជាកន្លែងដែលពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៤ ។

ក្រុមជប៉ុនត្រូវបានចាប់ឆ្នោត ឲ្យស្ថិតនៅពូល F ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ Asian Cup ហើយនឹងត្រូវប្រកួត ជាមួយក្រុមជើងឯកការពារតំណែងជើងឯកកាតា ថៃ និងឥណ្ឌូនេស៊ី។

ក្រុមជប៉ុនបានឈ្នះការប្រកួតនេះចំនួនបួនដងជាប់ៗគ្នា ដែលថ្មីៗនេះគឺនៅឆ្នាំ ២០១១។ ពួកគេត្រូវបានអ៊ីរ៉ង់ទម្លាក់ចេញក្នុងវគ្គ ៨ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ឆ្នាំ ២០២៤ នៅប្រទេសកាតា ៕

Most Popular

To Top