ភ្នំពេញ៖គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជានាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីភាពជាអ្នកដឹកនាំកីឡាករ -កីឡាការិនីពិការសតិបញ្ញា ដោយមានការអញ្ជើញចូលរួមពិធីបើកពីសំណាក់ លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ព្រមទាំងអាណាព្យាបាល និងកីឡាករ -កីឡាការិនីពិការសតិបញ្ញា នៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡាសិស្សនិស្សិត។

លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានប្រាប់ឲ្យដឹងថា ថ្ងៃនេះ ក្នុងនាមគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាណាព្យាបាលដែលបានលះបង់ពេលវេលា ដើម្បីបញ្ជូនកូនចៅមកចូលរួម និងសូមកោតសរសើរនូវស្មារតីរបស់ប្អូនៗកីឡាករ-កីឡាការិនីពិការសតិបញ្ញាបានមកចូលរួមកម្មវិធីភាពជាអ្នកដឹកនាំរបស់កីឡាករ-កីឡាការិនីពិការសតិបញ្ញា។

កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំរបស់កីឡាករ-កីឡាការិនី បណ្តុះបណ្តាលកីឡាករក្នុងការទំនាក់ទំនងការធ្វើការសម្រេចចិត្ត ការនិយាយជាសាធារណៈ ការធ្វើការជាក្រុម និងការដោះស្រាយបញ្ហា។

លោកអគ្គលេខាធិការ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានបន្តថា ផ្តល់អំណាច និងទំនុកចិត្ត បំប៉នសមត្ថភាព បង្កើនភាពជឿជាក់ និងភាពជាម្ចាស់លើខ្លួនឯងដល់កីឡាករ។ អភិវឌ្ឍជំនាញទំនាក់ទំនង និងការនិយាយជាសាធារណៈ បណ្តុះបណ្តាលឱ្យពួកគាត់ចេះបញ្ចេញមតិ និយាយការពារសិទ្ធិខ្លួនឯង និងមិត្តភក្តិ ។បើកឱកាសចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្ត ផ្លាស់ប្តូរទស្សនទានពី «អ្នកទទួលផល» មកជា «អ្នកដឹកនាំ» និង«អ្នកចូលរួមធ្វើសេចក្តីសម្រេចចិត្ត» ក្នុងស្ថាប័ន។ ការដាក់បញ្ចូលក្នុងសង្គម បង្ហាញដល់សហគមន៍ និងសាធារណជនពីសមត្ថភាពពិតប្រាកដរបស់ជនពិការសតិបញ្ញា ដើម្បីលុបបំបាត់ការរើសអើង។

លោក ឃ្លាំង ចន្ធូ បានបញ្ជាក់ថា តាមរយៈកម្មវិធីនេះ កីឡាករ-កីឡាការិនីពិការបញ្ញាអាចទទួលបាននូវចំណេះដឹងអំពីភាពជាអ្នកដឹកនាំ និងអាចក្លាយជាអ្នកដឹកនាំក្រុមចូលរួមកម្មវិធីផ្សេងៗរបស់កីឡាស្ប៉េស្យាល់អូឡាំពិក។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសំណូមពរដល់ប្អូនៗទាំងអស់ត្រូវមានភាពក្លាហានក្នុងការចូលរួមរាល់សកម្មភាពរបស់ស្ប៉េស្យាល់អូឡាំពិក ដែលនឹងក្លាយជាជាធនធានមនុស្សដ៏ល្អនៅក្នុងសង្គម៕
ដោយ៖លី ភីលីព
