កីឡា

ទីបំផុត Man Utd ទទួលបានអ្នកចាត់ការដ៏ស័ក្តិសមពិតប្រាកដ ក្រោយព្រមចំណាយ ១០លានដុល្លារ ផ្តាច់កិច្ចសន្យាលោក Pochettino

បរទេស៖ ​លោក Mauricio Pochettino គឺជាគ្រូបង្វឹក ដែលក្លឹប Manchester United ត្រូវការជាចាំបាច់តាំង ពីមួយទសវត្សរ៍មុនមកម៉្លេះ ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីប្រព័ន្ធគ្រប់គ្រង ដ៏រអាក់រអួលរបស់ក្លឹបដ៏ធំបំផុតប្រចាំក្របខ័ណ្ឌ Premier League មួយនេះ ដែលពួកគេទើបតែសម្រេចចិត្តជួលបុរសម្នាក់ ដែលខ្លួនធ្លាប់បានបដិសេធចោលរហូតដល់ទៅ ៣ ដងកន្លងមក នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន ESPN ថ្ងៃទី១៤ ខែវិច្ឆិកា  ឆ្នាំ២០២៦ ។

​យឺតពេលប្រសើរជាងមិនបានធ្វើអ្វីសោះមែនទេ? នេះគឺជាអ្វីដែលក្រុមបិសាចក្រហម United កំពុងសង្ឃឹមយ៉ាងមុតមាំ បន្ទាប់ពីអាចបញ្ចុះបញ្ចូលលោក Pochettino ឱ្យបោះបង់តំណែងនៅសហរដ្ឋអាមេរិក ដើម្បីមកជំនួសលោក Michael Carrick ក្នុងនាមជាអ្នកចាត់ការទូទៅនៅកីឡដ្ឋាន Old Trafford។

​ការចូលកាន់តំណែងនៅ Manchester United ភ្ជាប់មកជាមួយនឹងបញ្ហាជាច្រើនស្អេកស្កះ ទាំងនៅលើ និងក្រៅទីលានសម្រាប់លោក Pochettino។ ប៉ុន្តែ បន្ទាប់ពីខកខានឱកាសជាច្រើនលើកច្រើនសារ (ពោលគឺលោកស្ទើរតែបានចូលកាន់តំណែងកំពូលនេះរហូតដល់ទៅ ៣ ដងទៅហើយគិតតាំងពីឆ្នាំ ២០១៩ មក) ប្រហែលជាពេលនេះលោកពិតជាបុរសដែលស័ក្តិសម និងមកចំពេលវេលាល្អ សម្រាប់ក្លឹបដែលបានជាប់ផុងក្នុងស្ថានភាពដុនដាប អស់រយៈពេលយ៉ាងយូរហួសពីការចងចាំរបស់អ្នកគាំទ្ររបស់ខ្លួនទៅហើយ។

​បុរសវ័យ ៥៤ ឆ្នាំរូបនេះ ដែលធ្លាប់បានកសាងក្រុមយុវជនដ៏គួរឱ្យរំភើបមួយនៅក្លឹប Tottenham Hotspur មុនពេលទៅដឹកនាំក្លឹប Paris Saint-Germain, Chelsea និងក្រុមជម្រើសជាតិសហរដ្ឋអាមេរិក (USMNT) នោះ ធ្លាប់ត្រូវបានគេចាត់ទុកជា «បុគ្គលដ៏អស្ចារ្យបន្ទាប់» (next big thing) កាលពីពេលដែលលោកត្រូវបាន United មើលរំលងជាលើកដំបូង ដោយក្លឹបបានងាកទៅជ្រើសរើសលោក José Mourinho ជំនួសវិញកាលពីឆ្នាំ ២០១៦។ ហើយខណៈពេលដែលឱកាសពេលនេះបានហុចឱ្យ United និងលោក Pochettino អាចធ្វើការជាមួយគ្នាក៏ដោយ ក៏វានៅតែមានចំណុចគួរឱ្យអស់សំណើចខ្លះៗជុំវិញការតែងតាំងនេះផងដែរ។

​ប្រសិនបើ United អាចទប់ចិត្តមិនផ្តល់កិច្ចសន្យារយៈពេល ២ ឆ្នាំដល់លោក Carrick កាលពីចុងរដូវកាលមុន ហើយងាកមកជ្រើសរើសយកលោក Pochettino វិញ ពួកគេប្រហែលជាអាចនាំយកបុរសរូបនេះ មកដោយមិនចាំបាច់ចំណាយប្រាក់អ្វីសោះនៅចុងបញ្ចប់នៃព្រឹត្តិការណ៍ World Cup។ ប៉ុន្តែ ផ្ទុយទៅវិញ ពួកគេបែរជាត្រូវបង្ខំចិត្តបង់ប្រាក់សំណងចំនួន ១០ លានដុល្លារ ទៅឱ្យសហព័ន្ធកីឡាបាល់ទាត់ សហរដ្ឋអាមេរិក (U.S. Soccer Federation) បន្ទាប់ពីលោកទើបតែបាន សម្រេចចិត្តចុះហត្ថលេខាពន្យារកិច្ចសន្យារយៈពេល ៤ ឆ្នាំបន្ថែមទៀតកាលពីខែសីហាកន្លងទៅ។

ប្រែសម្រួល៖ គីរី

Most Popular

To Top