បរទេស៖ កីឡាការិនី Elina Svitolina បានថ្លែងថា ការរក្សាទំនាក់ទំនងដ៏ល្អក្នុងនាមជាឪពុកម្តាយជាមួយលោក Gael Monfils និងការការពារសុខុមាលភាពកូនស្រីតូច របស់ពួកគេ គឺជាអាទិភាពចម្បងរបស់នាង ខណៈដែលនាងកំពុង សម្របខ្លួនទៅនឹងជីវិតបន្ទាប់ពីការចែកផ្លូវគ្នា នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

កីឡាការិនីសញ្ជាតិអ៊ុយក្រែនរូបនេះ បានបញ្ជាក់ថា នាង និងលោក Monfils ដែលជាអតីតកីឡាករវាយកូនបាល់ លំដាប់លេខ៦ ពិភពលោកសញ្ជាតិបារាំង នៅតែបន្តទំនាក់ទំនងគ្នាជាប្រចាំ ទោះបីជាពួកគេបានប្រកាស បែកបាក់គ្នាកាលពីខែមុនក៏ដោយ។ អ្នកទាំងពីរបានរៀបអាពាហ៍ពិពាហ៍កាលពីខែកក្កដា ឆ្នាំ២០២១ និងទទួលបានចំណងដៃកូនស្រីម្នាក់ឈ្មោះ Skai កាលពីខែតុលា ឆ្នាំ២០២២។
Svitolina បានលើកឡើងថា សម្ពាធនៃសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន គឺជាកត្តាមួយក្នុងចំណោមកត្តាផ្សេងៗទៀត ដែលចូលរួមចំណែកធ្វើឱ្យចំណងអាពាហ៍ពិពាហ៍របស់ពួកគេឈានដល់ការបែកបាក់។
Svitolina បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ បន្ទាប់ពីនាងទទួលបានជ័យជម្នះក្នុងការប្រកួតវគ្គសន្សំពិន្ទុ (Round-Robin) នៃព្រឹត្តិការណ៍ WTA Finals លើកីឡាការិនី Aryna Sabalenka ដែលបានជួយឱ្យនាងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃជើងឯកបញ្ចប់រដូវកាល នៅកីឡដ្ឋាន Indian Wells Tennis Garden ថា៖ «យើងមានទំនាក់ទំនងដ៏ល្អជាមួយ Gael»។
«សូម្បីតែ ១០ នាទីមុនការប្រកួត ខ្ញុំបាននិយាយទូរស័ព្ទជាមួយគាត់ ហើយយើងនៅតែមានទំនាក់ទំនងល្អនឹងគ្នា។ អ្វីដែលសំខាន់បំផុតសម្រាប់យើង គឺធ្វើឱ្យកូនស្រីរបស់យើងមានសេចក្តីសុខ។ វាគឺជាអាទិភាពដ៏សំខាន់បំផុតសម្រាប់ពួកយើង»។
Svitolina បាននិយាយថា ព្រឹត្តិការណ៍ប្រកួតនេះ មិនសូវបានផ្តល់ភាពស្ងប់ស្ងាត់ប៉ុន្មានទេពីការចាប់អារម្មណ៍ជុំវិញការបែកបាក់របស់នាង ដោយសារការតាមដានយ៉ាងដិតដល់ និងការបញ្ចេញមតិក្នុងន័យវាយប្រហារនៅលើបណ្ដាញសង្គម បានបន្ថែមបន្ទុកកាន់តែធ្ងន់ដល់ដំណាក់កាលដែលកំពុងតែលំបាកស្រាប់ទៅហើយ។
នាងបាននិយាយថា៖ «ខ្ញុំមិនចាត់ទុកថាវាជាការរត់គេចនោះទេ។ ក្នុងស្ថានភាពបែបនេះ អ្នកគ្រាន់តែចង់នៅឱ្យឆ្ងាយពីប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមទាំងអស់តែប៉ុណ្ណោះ»។
អតីតកីឡាការិនីលំដាប់លេខ ៣ ពិភពលោករូបនេះ បាននិយាយថា ពេលខ្លះនាងផ្តាច់ខ្លួនពី Instagram និងកម្មវិធីផ្សេងៗទៀត នៅពេលដែលនាងមានអារម្មណ៍ថាតានតឹងខ្លាំងពេក ដោយជ្រើសរើសការផ្តោតអារម្មណ៍លើគ្រួសាររបស់នាងជំនួសវិញ។ ប៉ុន្តែនៅថ្ងៃផ្សេងទៀត នាងអាចមើលរំលងការលើកឡើងជុំវិញជីវិតឯកជនរបស់នាង ហើយនៅតែអាចប្រាស្រ័យទាក់ទងជាមួយមជ្ឈដ្ឋានជុំវិញខ្លួនដដែល។
Svitolina បានបញ្ជាក់ថា៖ «រៀងរាល់ថ្ងៃគឺខុសៗគ្នា។ ថ្ងៃខ្លះប្រសើរជាង ថ្ងៃខ្លះល្អ ហើយថ្ងៃខ្លះក៏អាក្រក់»។ កីឡាការិនីវ័យ ៣២ ឆ្នាំរូបនេះ បានលើកឡើងថា បទពិសោធន៍ជាច្រើនឆ្នាំក្នុងការទប់ទល់នឹងការតាមដានរបស់សាធារណជន បានធ្វើឱ្យនាងមានភាពរឹងមាំ ប៉ុន្តែនាងក៏ទទួលស្គាល់ថា ការរំលោភបំពានតាមប្រព័ន្ធអនឡាញ អាចធ្វើឱ្យអត្តពលិកមានអារម្មណ៍ថារងការវាយប្រហារ មុនពេលពួកគេត្រឡប់ទៅហ្វឹកហាត់ ឬប្រកួតវិញ។
នាងបានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមកីឡាវាយកូនបាល់នារី (WTA) ក្នុងការលើកកម្ពស់ការការពារកីឡាការិនី ជាពិសេសតាមរយៈវិធានការសន្តិសុខ និងសកម្មភាពប្រឆាំងនឹងការរំលោភបំពានតាមប្រព័ន្ធអនឡាញ។
គួរបញ្ជាក់ថា Svitolina នឹងត្រូវតតាំងជាមួយកីឡាការិនី Linda Noskova នៅថ្ងៃសៅរ៍ ដើម្បីដណ្តើមយកកៅអី វគ្គផ្តាច់ព្រ័ត្រនាថ្ងៃអាទិត្យ នៃព្រឹត្តិការណ៍ប្រកួតដែលមានទឹកប្រាក់រង្វាន់ ១០ លានដុល្លារ ដែលត្រូវបានផ្លាស់ប្តូរទីតាំងពីទីក្រុងរីយ៉ាដ (Riyadh) ដោយសារតែសង្គ្រាមអាមេរិក-អ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់។
ប្រែសម្រួល៖ គីរី
