បរទេស៖ លោក Craig Bellamy គ្រូបង្វឹកក្រុមជម្រើសជាតិ វេលស៍ (Wales) បានចេញសារព្រមានយ៉ាងម៉ឺងម៉ាត់ ដល់កូនក្រុមរបស់លោក ដោយសង្កត់ធ្ងន់ថា ក្រុមន័រវែស (Norway) នឹងស្រេកឃ្លានការសងសឹកយ៉ាងខ្លាំង សម្រាប់ការប្រកួតក្របខ័ណ្ឌ Nations League នាពេលខាងមុខ។ ក្រុមរហស្សនាមនាគរាជ (The Dragons) មួយនេះ ធ្លាប់បានយកឈ្នះយ៉ាង គួឲ្យចងចាំលើក្រុមមកពីតំបន់ស្កង់ឌីណាវីកាលពីខែមុន ហើយពេលនេះពួកគេត្រូវ តែធ្វើឱ្យបានម្តងទៀតនៅទីក្រុងអូស្លូ (Oslo) ដើម្បីគេចផុតពីហានិភ័យនៃការធ្លាក់ជាន់ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
ក្រុមវេលស៍ កំពុងត្រៀមខ្លួនសម្រាប់ការប្រកួតដ៏តានតឹងនៅទីក្រុងអូស្លូនាសប្តាហ៍នេះ ខណៈដែលលោក Bellamy ដឹងយ៉ាងច្បាស់ពីការគំរាមកំហែងរបស់កីឡាករ Erling Haaland។ តារាឆ្នើមរបស់ក្រុម Manchester City រូបនេះ កំពុងបង្ហាញទម្រង់លេងយ៉ាងកាចសាហាវទាំងនៅក្លឹប និងជម្រើសជាតិ ដោយស៊ុតបញ្ចូលទីបាន ១៧ គ្រាប់រួចមកហើយនារដូវកាលនេះ។ ទោះជាយ៉ាងណាក៏ដោយ កីឡាកររូបនេះធ្លាប់ត្រូវបានបិទជាប់ដោយខ្សែការពារ Ben Davies និង Ben Cabango ក្នុងជ័យជម្នះ ២-១ របស់វេលស៍ នៅទីក្រុង Cardiff កាលពី ៦ សប្តាហ៍មុន ហើយលោក Bellamy ជឿជាក់ថាក្រុមរបស់លោកអាចធ្វើបានម្តងទៀត តាមរយៈការលេងដោយភាពក្លាហាន និងវាយលុក។
លោក Bellamy បានបញ្ជាក់ថា៖ «ត្រូវតែដាក់សម្ពាធ និងកុំបណ្តោយឱ្យគាត់គ្រប់គ្រងការលេង។ និយាយស្រួលជាងធ្វើ។ អ្នកមិនអាចបណ្តោយឱ្យគាត់បញ្ជាការប្រកួតបានទេ។ វាជារឿងពិតសម្រាប់កីឡាករគ្រប់រូប ប៉ុន្តែវាកាន់តែលំបាកនៅពេលដែលមាននរណាម្នាក់នៅកៀកអ្នក និងរារាំងមិនឱ្យអ្នកមានពេលគ្រប់គ្រងបាល់។ នេះគឺជាការទទួលខុសត្រូវរួម មិនមែនជាការងាររបស់បុគ្គលណាម្នាក់នោះទេ»។
ក្រុមវេលស៍ ទទួលបានជ័យជម្នះ ២-១ ក្នុងការប្រកួតជើងទីមួយនៅទីក្រុង Cardiff កាលពីថ្ងៃទី១ ខែតុលា តាមរយៈការស៊ុតបញ្ចូលទីដោយ Daniel James និង Neco Williams ខណៈគ្រាប់បាល់តបតរបស់ន័រវែសធ្វើបានដោយ Oscar Bobb។ លទ្ធផលនេះធ្វើឱ្យក្រុមទាំងពីរមាន ៣ ពិន្ទុស្មើគ្នា នៅបាតតារាងពូល A4 ដោយវេលស៍ឈរនៅលេខ ៣ លើន័រវែសដែលនៅលេខ ៤ ខណៈដាណឺម៉ាក (Denmark) ឈរលេខ ២ មាន ៦ ពិន្ទុ និងព័រទុយហ្គាល់ (Portugal) ជាក្រុមកំពូលតារាងមាន ១២ ពិន្ទុ ដែលបានកក់កៅអីវគ្គ ៨ ក្រុមចុងក្រោយរួចជាស្រេច។
លោក Bellamy បានពន្យល់លម្អិតបន្ថែមថា៖ «អ្នកត្រូវតែគិតគូរពីគម្លាតរវាង Ethan [Ampadu] និង Haaland។ អ្នកមិនអាចបើកចំហតំបន់កណ្តាលខ្លាំងពេកទេ ព្រោះបាល់នឹងត្រូវបញ្ជូនទៅដល់ជើងគាត់។ អ្នកត្រូវរក្សាគម្លាតឱ្យបានល្អ ឈរនៅចំហៀង និងត្រូវប្រាកដថាអ្នកតាមដានការរត់របស់គាត់។ គាត់មានសមត្ថភាពក្នុងការអូសបាល់ ប៉ុន្តែគាត់ក៏មានឆន្ទៈក្នុងការរត់ស្វែងរកចន្លោះផងដែរ។ របៀបដែលយើងប្រើប្រាស់បាល់ក៏សំខាន់ដែរ។ ប្រសិនបើយើងប្រើវាបានល្អ បង្កើនការគ្រប់គ្រងបាល់ និងរំកិលទៅមុខ គាត់នឹងត្រូវតែប្រឹងប្រែង។ គាត់នឹងត្រូវតែរត់ និងថយក្រោយវិញ។»
ការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ ចំពោះព័ត៌មានលម្អិតបែបនេះ គឺជារឿងចាំបាច់នៅពេលដែលត្រូវប្រឈមមុខ នឹងខ្សែប្រយុទ្ធដ៏មុតស្រួច ដែលបច្ចុប្បន្នជាម្ចាស់កំណត់ត្រាស៊ុត បញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ Nations League ជាមួយនឹងគ្រាប់បាល់ចំនួន ២២ គ្រាប់។
ខណៈដែលក្រុមវេលស៍បានអបអរជ័យជម្នះ របស់ពួកគេកាលពីខែតុលា ក្រុមន័រវែសឯណោះវិញ បានធ្លាក់ចុះទម្រង់លេងយ៉ាងគួរឱ្យភ្ញាក់ផ្អើល ដោយទទួលរងបរាជ័យ ២-១ ចំនួន ៣ ប្រកួតជាប់ៗគ្នា ពោលគឺចាញ់ក្រុមកំពូល តារាងព័រទុយហ្គាល់ ២ ដង និងចាញ់វេលស៍ ១ ដង។ នេះគឺជាភាពផ្ទុយគ្នាស្រឡះ សម្រាប់ក្រុមដែលធ្លាប់តែមានភាពថេរក្នុងការប្រកួតប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលថែមទាំងធ្លាប់ឈានដល់វគ្គ ៨ ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (World Cup) ឆ្នាំ២០២៦ មុនពេលធ្លាក់ក្រោមថ្វីជើងក្រុមអង់គ្លេស។
ប្រែសម្រួល៖ គីរី
