បរទេស៖ កំពូលកីឡាករបាល់ទាត់ Cristiano Ronaldo បានចាប់ដៃគូសហការជាមួយលោក Matthew Vaughn ផលិតខ្សែភាពយន្តដែលមានចំណងជើងថា «Stuntnuts» ដែលជាប្រភេទភាពយន្តសកម្មភាព-កំប្លែង (action-comedy) ក្នុងគោលបំណងលើកតម្កើងដល់អ្នកសម្តែងឈុតឆាកគ្រោះថ្នាក់ (stunt performers) របស់ហូលីវូដ ព្រមទាំងមានការចូលរួមសម្តែងជាកិត្តិយស (cameo) ពីសំណាក់តារាសម្តែងល្បីឈ្មោះលោក Matt Damon ផងដែរ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
យោងតាមសារព័ត៌មាន Deadline បានឱ្យដឹងថា ខ្សែភាពយន្តនេះគឺជាស្នាដៃដំបូងគេដែលចេញផ្សាយដោយក្រុមហ៊ុន UR MARV ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាផ្នែកភាពយន្ត និងទូរទស្សន៍របស់អ្នកទាំងពីរ។ នេះក៏ជាការកត់សម្គាល់ ការឈានជើងចូលប្រឡូកក្នុងវិស័យផលិតខ្សែភាពយន្តជាលើកដំបូង របស់កីឡាករបាល់ទាត់ សញ្ជាតិព័រទុយហ្គាល់វ័យ ៤១ ឆ្នាំរូបនេះផងដែរ។
ខ្សែភាពយន្តនេះ នឹងត្រូវបានចាក់បញ្ចាំងជូនដល់ដៃគូចែកចាយ និងដៃគូផ្តល់អាជ្ញាប័ណ្ណអន្តរជាតិ ដែលមានសក្តានុពល នៅក្នុងព្រឹត្តិការណ៍ទីផ្សារភាពយន្តអាមេរិក (American Film Market) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ទី១៥ ខែវិច្ឆិកា។
ដឹកនាំរឿងដោយលោក Damien Walters ខ្សែភាពយន្តនេះរៀបរាប់អំពីអ្នកសម្តែងឈុតឆាកគ្រោះថ្នាក់ពីររូប ដែលបានយល់ព្រមចូលរួមថតភាពយន្តខ្នាតធំ របស់ហូលីវូដ (blockbuster) ក្នុងគោលបំណងសង្គ្រោះក្លឹបហាត់ប្រាណមួយ ដែលកំពុងប្រឈមនឹងការបិទទ្វារ។ ទោះជាយ៉ាងណាក៏ដោយ ដំណើរការផលិតបានធ្លាក់ចូល ទៅក្នុងភាពវឹកវរ ខណៈដែលការថតឈុតឆាកគ្រោះថ្នាក់ កាន់តែមានសភាពប្រថុយប្រថានខ្លាំងឡើងៗ ហើយតួឯកទាំងពីរតែងតែមានជម្លោះទាស់ទែងគ្នាមិនចេះចប់មិនចេះហើយ។
ប្រែសម្រួល៖ គីរី
