កីឡា

ដំណឹងអាក្រក់សម្រាប់អ្នកគាំទ្រ អ៊ីអ៊ីតាលី! ខ្សែបម្រើ Davide Frattesi របស់ក្លឹប Lazio អវត្តមានពីការប្រកួតដ៏សំខាន់ ទល់នឹងបែលហ្ស៊ិក ក្នុងពាន Nations League ដោយសាររបួសសាច់ដុំ

​បរទេស៖ ការត្រៀមខ្លួនរបស់ក្រុមជម្រើសជាតិអ៊ីតាលី សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលចុងក្រោយនៃពានរង្វាន់ Nations League បានជួបប្រទះនូវបញ្ហាធំមួយ ។ ខ្សែបម្រើ Davide Frattesi ត្រូវបានបញ្ជាក់ជាផ្លូវការថានឹងអវត្តមាន ពីការប្រកួតនាពេលខាងមុខទល់នឹងក្រុមបែលហ្ស៊ិក ដោយសារបញ្ហារបួស។ តារាឆ្នើមរបស់ក្លឹប Lazio រូបនេះ គឺជាកីឡាករដ៏លេចធ្លោម្នាក់ ក្នុងជ័យជម្នះលើក្រុមបារាំងកាលពីពេលថ្មីៗនេះ ប៉ុន្តែពេលនេះរូបគេនឹង ត្រូវត្រឡប់ទៅកាន់ក្លឹបវិញ ដើម្បីទទួលការព្យាបាល នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី១៤ ខែវិច្ឆិកា  ឆ្នាំ២០២៦ ។

​ក្រុមជម្រើសជាតិអ៊ីតាលី (Azzurri) នឹងត្រូវប្រឈមមុខក្នុងការប្រកួតដ៏សំខាន់នៃពានរង្វាន់ Nations League ទល់នឹងបែលហ្ស៊ិក ដោយគ្មានវត្តមានរបស់ Frattesi នោះទេ ។ ខ្សែបម្រើរបស់ Lazio រូបនេះ បានចាកចេញពី ជំរំហ្វឹកហាត់ របស់ក្រុមនៅឯមជ្ឈមណ្ឌល Coverciano ជាផ្លូវការហើយ បន្ទាប់ពីត្រូវបាន ធ្វើរោគវិនិច្ឆ័យ ឃើញថាមានបញ្ហាសាច់ដុំ ដែលរារាំងរូបគេមិនអាចចូលរួម ការធ្វើដំណើរទៅកាន់ទីក្រុងព្រុចសែល (Brussels) នៅថ្ងៃអាទិត្យនេះបាន។

​គួររំលឹកថា Frattesi បានដើរតួនាទីយ៉ាងសំខាន់ក្នុងជ័យជម្នះ ៣-១ ដ៏គួរឱ្យចាប់អារម្មណ៍របស់អ៊ីតាលី លើបារាំងនៅកីឡដ្ឋាន San Siro កាលពីរាត្រីថ្ងៃព្រហស្បតិ៍ ដោយរូបគេបានស៊ុតបញ្ចូលទីមួយគ្រាប់ ជួយឱ្យក្រុមទទួលបានលទ្ធផលយ៉ាងសំខាន់។

​ពេលវេលានៃការរងរបួសនេះ គឺជាអកុសលយ៉ាងខ្លាំងសម្រាប់លោក Roberto Mancini ខណៈដែលអ៊ីតាលីកំពុងឈានចូលដល់ការប្រកួតចុងក្រោយក្នុងពូល ដែលត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព។ បច្ចុប្បន្ន ក្រុម Azzurri ឈរនៅកំពូលតារាងនៃពូលរបស់ខ្លួនក្នុងពានរង្វាន់ Nations League ដោយមាន ១០ ពិន្ទុ (ស្មើជាមួយក្រុមលេខ ២ បារាំង) និងនាំមុខតែ ១ ពិន្ទុប៉ុណ្ណោះពីលើក្រុមលេខ ៣ បែលហ្ស៊ិក ដែលមាន ៩ ពិន្ទុ ដែលស្ថានភាពនេះធ្វើឱ្យតំណែងរបស់ពួកគេនៅមិនទាន់មានសុវត្ថិភាពនៅឡើយ។ អ៊ីតាលីត្រូវការយ៉ាងហោចណាស់ ១ ពិន្ទុពីការប៉ះទង្គិចជាមួយបែលហ្ស៊ិក ដើម្បីធានាជាផ្លូវការនូវកៅអីឡើងទៅវគ្គ ៨ ក្រុមចុងក្រោយ (Quarter-finals) នៃការប្រកួតនេះ។ ទោះជាយ៉ាងណាក៏ដោយ គោលដៅគឺធំជាងការគ្រាន់តែឆ្លងផុតវគ្គនេះ ព្រោះជ័យជម្នះនៅរាត្រីថ្ងៃអាទិត្យ នឹងបញ្ជាក់ជាផ្លូវការថាពួកគេគឺជាអ្នកឈ្នះពូល A1 ដោយឈរពីលើក្រុមបារាំង។

ការអវត្តមានរបស់ Frattesi នឹងធ្វើឱ្យក្រុមមានការ សោកស្តាយយ៉ាងខ្លាំង ដោយសារតែទម្រង់លេងដ៏ល្អឥតខ្ចោះ របស់គេកាលពីពេលថ្មីៗនេះ ទាំងសម្រាប់ក្លឹប និងជម្រើសជាតិ ។ ខ្សែបម្រើរូបនេះ បង្ហាញទម្រង់លេងយ៉ាងល្អ ចាប់តាំងពីការផ្លាស់ប្តូរនៅរដូវក្តៅមកកាន់ក្រុម Lazio ជាកន្លែងដែលគេរកបាន ៤ គ្រាប់រួចទៅហើយ ក្នុងការបង្ហាញខ្លួនត្រឹមតែ ១១ ប្រកួតនៅក្របខ័ណ្ឌ Serie A នារដូវកាលនេះ។

​កំណត់ត្រាអន្តរជាតិរបស់គេក៏គួរឱ្យចាប់អារម្មណ៍ដូចគ្នា ដោយកីឡាករវ័យ ២៧ ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទីចំនួន ១០ គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៩ លើក សម្រាប់ក្រុមជម្រើសជាតិអ៊ីតាលី។

ប្រែសម្រួល៖ គីរី

Most Popular

To Top