បរទេស៖ ក្រុមជម្រើសជាតិហូឡង់ បានបង្ហាញទម្រង់លេងវាយលុកយ៉ាងល្អឥតខ្ចោះ ដោយបានបំបាក់ក្រុមជម្រើសជាតិ ក្រិកក្នុងលទ្ធផល ៧-០ នៅកីឡដ្ឋាន Johan Cruijff ArenA ។ កីឡាករ Tijjani Reijnders បានធ្វើការនាំមុខ ដោយស៊ុតបញ្ចូលទីបាន Hat-trick (៣គ្រាប់) ក្នុងតង់ទីមួយ ស្របពេលដែលក្រុមរបស់លោក Xavi Hernandez បានឡើងទៅឈរនៅកំពូលតារាងពូល ២ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
ហូឡង់បានបង្ហាញទម្រង់លេង យ៉ាងអស្ចារ្យ និងមានប្រៀបជាងដៃគូទាំងស្រុង ដោយបានយកឈ្នះយ៉ាងចាស់ ដៃទៅលើក្រុមក្រិក ក្នុងការប្រកួតក្របខ័ណ្ឌ UEFA Nations League ដែលការប្រកួតនេះហាក់ដូចជាត្រូវ បានរកឃើញអ្នកឈ្នះទៅហើយ តាំងពីមុនពេលសម្រាកតង់ទីមួយម៉្លេះ។ ក្រុមរបស់លោក Xavi បានឆ្លៀតឱកាសវាយលុកលើគ្រប់ចំណុចខ្សោយនៃប្រព័ន្ធការពាររបស់ក្រុមក្រិក ដោយបាននាំមុខមុនរហូតដល់ ៥-០ នៅតង់ទីមួយ។ កីឡាករ Crysencio Summerville ជាអ្នកស៊ុតបើកឆាកគ្រាប់បាល់ដំបូង ប៉ុន្តែការប្រកួតក្នុងតង់ទីមួយគឺជារបស់កីឡាករ Reijnders ដែលមានភាពឈ្លាសវៃផ្នែកយុទ្ធសាស្ត្រក្នុងការស្វែងរកចន្លោះប្រហោង ដែលអនុញ្ញាតឱ្យគាត់ស៊ុតបញ្ចូលទី Hat-trick ដ៏គួរឱ្យកត់សម្គាល់ក្នុងរយៈពេលត្រឹមតែ ២១ នាទីប៉ុណ្ណោះ។
ការប្រកួតក្នុងតង់ទីពីរ គឺជាការគ្រប់គ្រងការលេងប្រកបដោយវិជ្ជាជីវៈ ទោះបីជាក្រុមរហស្សនាមទឹកក្រូច (Oranje) មិនព្រមបន្ធូរដៃទាំងស្រុងក៏ដោយ។ កីឡាករ Jurrien Timber បានបន្ថែមគ្រាប់បាល់ទីពីររបស់ខ្លួននៅរាត្រីនោះ មុនពេលដែលកីឡាករ Donyell Malen ស៊ុតគ្រាប់ចុងក្រោយបញ្ចប់ការប្រកួត ដោយទាញយកប្រយោជន៍ពីការធ្លាក់ចុះនូវស្មារតីប្រយុទ្ធទាំងស្រុងរបស់ក្រុមក្រិក។
ស្ថិតិបានបង្ហាញពីការគ្រប់គ្រងការប្រកួតដាច់ខាត៖ ការស៊ុតចំគោលដៅចំនួន ១៣ ដង, ការបញ្ជូនបាល់បានសម្រេច ៥៤៨ ដង និងមានអត្រារំពឹងទុកនៃការស៊ុតបញ្ចូលទី (xG) ៤.១៩។ សម្រាប់ក្រុមក្រិក នេះជារាត្រីនៃការបរាជ័យផ្នែកយុទ្ធសាស្ត្រ ដោយពួកគេអាចស៊ុតចំគោលដៅបានតែម្តងគត់ ដើម្បីតបតទៅនឹងការវាយលុកយ៉ាងខ្លាំងក្លារបស់ហូឡង់។
ប្រែសម្រួល៖ គីរី
