កីឡា

រដ្ឋមន្ត្រីក្រសួងអប់រំ ៖ កីឡាមិនត្រឹម ជាការប្រកួតយកឈ្នះចាញ់ ប៉ុន្តែជាឧបករណ៍ដ៏មានឥទ្ធិពលបំផុត ក្នុងការកសាងមនុស្ស សង្គមជាតិ

ភភ្នំពេញ៖នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ពិធិបិទព្រឹត្តិការណ៍«ការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជន ពិការលើកទី៣ ឆ្នាំ២០២៦» ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ» ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា កីឡាមិនមែនត្រឹមតែជាការប្រកួតប្រជែងយកឈ្នះចាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឧបករណ៍ដ៏មានឥទ្ធិពលបំផុត ក្នុងការកសាងមនុស្ស កសាងសង្គម និងកសាងជាតិ» នៅក្នុងបរិបទនៃ ការអភិវឌ្ឍប្រទេសជាតិ។ ការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏មហោឡារិកនេះ ដែលបានប្រព្រឹត្តទៅដោយជោគជ័យ ប្រកបដោយបរិយាកាសស្និទ្ធស្នាល សាមគ្គីភាព និងការតស៊ូព្យាយាមយ៉ាងរស់រវើក ក្រោមបុព្វបទដ៏មានអត្ថន័យថា «កីឡាដើម្បីឯកភាពជាតិ»។

លោករដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំការប្រកួត អាជ្ញាកណ្តាល ចៅក្រម គ្រូបង្វឹក និងជាពិសេស កីឡាករ កីឡាការិនី ទាំងមានពិការភាព និងគ្មានពិការភាព ដែលបានបោះជំហានចូលរួមប្រកួតប្រជែងដោយស្មារតី ការប្រកួតដោយយុត្តិធម៌ (Fair Play) និងបានបង្ហាញនូវសមត្ថភាព បច្ចេកទេស ក៏ដូចជាកម្លាំងកាយចិត្តយ៉ាងអស្ចារ្យ។ ការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ នាឆ្នាំ២០២៦ នេះ បានបង្ហាញឲ្យឃើញពីការកើនឡើងនូវកម្រិតបច្ចេកទេស និងកំណត់ត្រាថ្មីៗជាច្រើន។

លោកបណ្ឌិតសភាចារ្យ ក៏បានសាទរយ៉ាងកក់ក្តៅ ចំពោះជ័យលាភីទាំងអស់ ហើយចំពោះបងប្អូនកីឡាករ ដែលមិនទាន់ទទួលបានមេដាយ កុំអស់សង្ឃឹម ការចូលរួម និងការខិតខំប្រឹងប្រែងរបស់ពួកគាត់ គឺជាជ័យជម្នះរួចទៅហើយ ។ ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តសហការយ៉ាងជិតស្និទ្ធ ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិក សហព័ន្ធកីឡាជាតិទាំងអស់ និងមន្ទីរអប់រំ យុវជន និងកីឡា ដើម្បីបន្តស្វែងរក និងហ្វឹកហ្វឺនកីឡាករជំនាន់ក្រោយ សំដៅត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍អន្តរជាតិនានា នៅពេលអនាគត៕

Most Popular

To Top