ភ្នំពេញ ៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានប្រកាសរៀបំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់ Tep Khunnah Memorial Cup លើកទី៣១ ដែលធ្វើការប្រកួតវគ្គជម្រុះ ចាប់ផ្តើមនៅថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកាជាផ្លូវការនៅទីលានវាយកូនបាល់ ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោរយៈពេល ១២ ថ្ងៃចាប់ពីថ្ងៃទី១៦ រហូតដល់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោក ជា ពៅ អគ្គលេខាធិការរងនៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានប្រាប់ឲ្យដឹងថា ប្រកួតសប្តាហ៍ទី១៖ ថ្ងៃទី១៦–២១ ខែវិច្ឆិកា ឆ្នាំ២០២៦ និង• សប្តាហ៍ទី២៖ ថ្ងៃទី២៣–២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ ការប្រកួតវគ្គជម្រុះចាប់ផ្តើមនៅថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ! ត្រៀមខ្លួនសម្រាប់ការប្រកួតកីឡា វាយកូនបាល់យុវជនអន្តរជាតិរយៈពេលពីរសប្តាហ៍ នៅរាជធានីភ្នំពេញ!

ចំណែកព្រឹត្តិការណ៍ ITF World Tennis Tour Juniors – J30 Phnom Penh នឹងនាំមកនូវកីឡាករ និងកីឡាការិនីវ័យក្មេង ដែលមានទេពកោសល្យពីបណ្តាប្រទេសនានា មកចូលរួមប្រកួតប្រជែង ដើម្បីដណ្តើមពិន្ទុចំណាត់ថ្នាក់អន្តរជាតិ។ ការប្រកួតបើកជាសាធារណៈ និងមិនគិតថ្លៃចូលទស្សនាឡើយ! សូមអញ្ជើញបងប្អូនមកចូលរួមទស្សនា លើកទឹកចិត្តកីឡាករ និងកីឡាការិនីវ័យក្មេង ព្រមទាំងរីករាយជាមួយការប្រកួតកីឡាវាយកូនបាល់អន្តរជាតិដ៏ជក់ចិត្ត!

លោកអគ្គលេខាធិការរងនៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ឧបត្ថម្ភ និងដៃគូសហការទាំងអស់ ដែលបានចូលរួមចំណែកគាំទ្រ និងធ្វើឱ្យព្រឹត្តិការណ៍នេះអាចប្រព្រឹត្តទៅបានដោយជោគជ័យ។ ការគាំទ្ររបស់លោកអ្នក គឺជាចំណែកដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍវិស័យកីឡាវាយកូនបាល់យុវជន និងបង្កើតឱកាសប្រកួតប្រជែងលើឆាកអន្តរជាតិសម្រាប់កីឡាករកម្ពុជាជំនាន់ក្រោយ៕

