ភ្នំពេញ ៖ ដោយឆ្លងការប្រកួតយ៉ាងស្វិតស្វាញ រយៈពេល ៩ ថ្ងៃ ជាលទ្ធផលផ្លូវការ ក្រសួងការពារជាតិ ក្តោបក្តាប់តំណែងជើងឯក នៃព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៥ ដែលនឹងប្រព្រឹត្តិចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅភ្នំពេញ ខេត្តកំពង់ឆ្នាំង ខេត្តកែប និងខេត្តស្វាយរៀងរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយ នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា និងសហព័ន្ធកីឡាជាតិទាំង ៣២ ។

នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ពិធិបិទព្រឹត្តិការណ៍«ការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦» ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ» ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្រសួងការពារជាតិក្តោបក្តាប់តំណែងជើងឯក ដោយឈ្នះមេដាយសរុប ១៨២ គ្រឿង ក្នុងនោះមេដាយមាសចំនួន ៩១ គ្រឿង មេដាយប្រាក់ ៥១ គ្រឿង និងមេដាយសំរឹទ្ធិ ៤០ គ្រឿងវ៉ាដាច់ ក្រសួងមហាផ្ទៃ ដោយឈ្នះមេដាយសរុប ១៧១គ្រឿង រួមមានមេដាយមាស ៧៩ គ្រឿង មេដាយប្រាក់ ៥៤ គ្រឿង និងមេដាយសំរឹទ្ធិ ៣៨ គ្រឿង ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈ្នះមេដាយសរុប ៤៤ គ្រៀង ក្នុងនោះមេដាយមាស ១៣ គ្រឿង មេដាយប្រាក់១៣ គ្រឿង និងសំរឹទ្ធិ ១៨ គ្រឿង។

ចំពោះលទ្ធផលការប្រកួតកីឡាជាតិជនពិការ គឺកំពូលតារាងមេដាយទាំង៣ខាងលើ រួមមាន៖ ខេត្តកណ្តាល មេដាយសរុប ២៩គ្រឿង (មាស១០ ប្រាក់៨ សំរឹទ្ធិ១១) ខេត្តកែប ឈរលេខ២ មេដាយសរុប១៤គ្រឿង (មាស៨ ប្រាក់៣ សំរឹទ្ធិ៣) ខណៈលេខ៣ ដណ្តើមបានដោយខេត្តស្ទឹងត្រែងជាមួយមេដាយសរុប ៩គ្រឿង (មាស៧ និងប្រាក់២គ្រឿង)។ នេះជាជ័យលាភីទាំង៣ ក្នុងចំណោមការចូលរួមរបស់រាជធានីខេត្តសរុបចំនួន ១៨។








