កីឡា

បារាំង យកឈ្នះតួកគីយ៉ាងស្វិតស្វាញ ធានាតំណែងលេខ១ ក្នុងពូល និងកៅអីវគ្គ៨ក្រុមចុងក្រោយ Nations League

​បរទេស៖ ក្រុមជម្រើសជាតិបារាំង បានធានាតំណែងលេខ១ ក្នុងពូល A1 និងកៅអីមួយសម្រាប់វគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ Nations League ប៉ុន្តែពួកគេត្រូវការគ្រាប់បាល់ចូលទីខ្លួនឯង (Own Goal) មួយគ្រាប់ និងការស៊ុតបញ្ចូលទីជាលើកដំបូងក្នុងក្រុមជម្រើសជាតិពីសំណាក់កីឡាករ Junior Kroupi ដើម្បីយកឈ្នះលើភាពរឹងមាំរបស់អ្នកចាំទីដ៏ឆ្នើម Berke Ozer របស់តួកគី នាទីក្រុង Bordeaux នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ ក្រុមម្ចាស់ផ្ទះបារាំង (Les Bleus) បានដាក់គំនាបលើក្រុមតួកគីយ៉ាងខ្លាំងក្លាក្នុងរយៈពេលដ៏យូរនៅកីឡដ្ឋាន Matmut Atlantique ប៉ុន្តែអ្នកចាំទី Ozer…

​បរទេស៖ ក្រុមជម្រើសជាតិបារាំង បានធានាតំណែងលេខ១ ក្នុងពូល A1 និងកៅអីមួយសម្រាប់វគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ Nations League ប៉ុន្តែពួកគេត្រូវការគ្រាប់បាល់ចូលទីខ្លួនឯង (Own Goal) មួយគ្រាប់ និងការស៊ុតបញ្ចូលទីជាលើកដំបូងក្នុងក្រុមជម្រើសជាតិពីសំណាក់កីឡាករ Junior Kroupi ដើម្បីយកឈ្នះលើភាពរឹងមាំរបស់អ្នកចាំទីដ៏ឆ្នើម Berke Ozer របស់តួកគី នាទីក្រុង Bordeaux នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

ក្រុមម្ចាស់ផ្ទះបារាំង (Les Bleus) បានដាក់គំនាបលើក្រុមតួកគីយ៉ាងខ្លាំងក្លាក្នុងរយៈពេលដ៏យូរនៅកីឡដ្ឋាន Matmut Atlantique ប៉ុន្តែអ្នកចាំទី Ozer បានរារាំងរាល់ការស៊ុតរបស់ពួកគេនៅក្នុងតង់ទី១ ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ប្រធានក្រុម Kylian Mbappe ត្រូវបានបដិសេធដោយសារកំហុសក្រៅល្បែង (Offside) មុនពេលបញ្ចប់តង់ទី១។ ភាពតានតឹងនៃការប្រកួតត្រូវបានបំបែកនៅនាទីទី៤៩ នៅពេលដែលកីឡាករ Adrien Rabiot បានតែតបញ្ជូនបាល់ជ្រុងរបស់ Rayan Cherki ហើយបាល់នោះបានផ្លាតប៉ះកីឡាករតួកគី Emirhan Topcu ចូលទី។

​បន្តិចក្រោយមក ក្រុមតួកគី ស្មានតែអាចតាមស្មើវិញបានសម្រេច តាមរយៈការស៊ុតរបស់ខ្សែបម្រើ Arda Guler ប៉ុន្តែប្រព័ន្ធ VAR បានបដិសេធគ្រាប់បាល់នេះវិញ ដោយសារមានកំហុសក្រៅល្បែង (Offside) កំឡុងពេលរៀបចំទម្រង់លេង។ បន្ទាប់មក កីឡាករបម្រុង Kroupi បានបន្ថែមគ្រាប់បាល់ទី២ ឱ្យបារាំងនាំមុខ ២-០ នៅនាទីទី៨០ ដោយស៊ុតបញ្ចូលទីយ៉ាងល្អពីការបញ្ជូនបាល់ទម្លុះខ្សែការពារពីសំណាក់ Cherki មុនពេលខ្សែការពារតួកគី Abdulkerim Bardakci តែតបាល់ជ្រុងរបស់ Guler បញ្ចូលទីវាយបកបានមួយគ្រាប់វិញនៅនាទីទី៩០ ដែលធ្វើឱ្យចុងម៉ោងនៃការប្រកួតពោរពេញដោយភាពតានតឹងបំផុត។

​សរុបពេញមួយការប្រកួត បារាំងមានឱកាសស៊ុតចំនួន ២៣ដង ធៀបនឹងតួកគីដែលមាន ១៣ដង ប៉ុន្តែអ្នកចាំទី Ozer របស់តួកគី បានសង្គ្រោះបាល់យ៉ាងល្អដល់ទៅ ៧ដង ដើម្បីជួយឱ្យក្រុមភ្ញៀវអាចបន្តតវ៉ាបានរហូតដល់ចប់ការប្រកួត។ ជ័យជម្នះនេះ គឺជាការឈ្នះលើកទី១៣ របស់ក្រុមជម្រើសជាតិបារាំងនៅក្នុងឆ្នាំ២០២៦ ដែលស្មើនឹងកំណត់ត្រាឈ្នះច្រើនបំផុតរបស់ពួកគេក្នុងរយៈពេលមួយឆ្នាំពេញ ហើយវាមានន័យថាពួកគេនឹងស្ថិតក្នុងកញ្ចប់ក្រុមខ្លាំង (Seeded Team) ដែលមានប្រៀបសម្រាប់ការចាប់ឆ្នោតវគ្គ៨ក្រុមចុងក្រោយ។

ប្រែសម្រួល៖ គីរី

Most Popular

To Top