បច្ចេកវិទ្យា

Tesla អែបកៀន! Honda ចេញឡាន អាចបើកស្វ័យប្រវត្តិ កម្រិត៣ ដំបូងបង្អស់លើលោក

ក្រុមហ៊ុន Honda Motor បានប្រកាសចេញរថយន្តម៉ូដែល Legend ថ្មី ដែលមានបំពាក់មកជាមួយនូវ បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ កម្រិត៣ (Level 3) ដែលនឹងត្រួសត្រាយផ្លូវសម្រាប់ឧស្សាហកម្មរថយន្ត ក្នុងការធ្វើពាណិជ្ជកម្មស្វ័យប្រវត្តិកម្មសម្រាប់រថយន្តដឹកអ្នកដំណើរ។

ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញខាងឧស្សាហកម្មរថយន្តកំពុងឃ្លាំមើលយ៉ាងប្រុងប្រយ័ត្ន ខណៈរថយន្ត Honda Legend ដែលជាប្រភេទរថយន្ត Sedan ប្រណីតនេះ អាចដំណើរការដោយគ្មានការបញ្ជាពីអ្នកបើកបរ ក្រោមលក្ខខណ្ឌជាក់លាក់ ប៉ុន្តែតម្រូវឲ្យអ្នកបើកបរអាចគ្រប់គ្រងរថយន្តបានក្នុងពេលប៉ុន្មានវិនាទីនៅពេលមានការជូនដំណឹង។

រថយន្ត Honda Legend ថ្មីនេះមានបំពាក់ប្រព័ន្ធ Traffic Jam Pilot System ដែលត្រូវបានទទួលស្គាល់ដោយក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍របស់ជប៉ុន កាលពីខែវិច្ឆិកា។ វាអាចឲ្យអ្នកបើកបរលែងដៃពីចង្កូត ក្នុងចរាចរណ៍កកស្ទះនៅលើផ្លូវល្បឿនលឿន នៅពេលធ្វើដំណើរយឺតជាង ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ប្រព័ន្ធនេះអាចបង្កើនល្បឿន ចាប់ហ្វ្រាំង និងកាច់ចង្កូតដោយស្វ័យប្រវត្តិ ខណៈពេលដែលវាត្រួតពិនិត្យជុំវិញរថយន្ត ដោយប្រើប្រាស់ទិន្នន័យពីការ ផែនទី (high-definition mapping) និងឧបករណ៍ចាប់សញ្ញា (sensor) ខាងក្រៅ។ ទន្ទឹមនឹងនេះអ្នកបើកបរអាចរីករាយនឹងប្រព័ន្ធកម្សាន្តរបស់រថយន្ត ប៉ុន្តែត្រូវតែឆ្លើយតបទៅនឹងសំណូមពររបស់ប្រព័ន្ធ សម្រាប់ការគ្រប់គ្រងរថយន្តវិញ នៅពេលរថយន្តបង្កើនល្បឿនវិញបន្ទាប់ពីចេញផុតពីចរាចរណ៍កកស្ទះ។

គួរឲ្យដឹងថា រថយន្ត Honda Legend ថ្មីនេះនឹងត្រូវផលិតមានចំនួនកំណត់ ត្រឹមតែ ១០០គ្រឿងប៉ុណ្ណោះ ជាមួយនឹងតម្លៃ ១១លានយ៉េន ឬប្រហែលខ្ទង់ ១០២ ០០០ដុល្លារ នៅក្នុងទីផ្សារប្រទេសជប៉ុន។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះប្រព័ន្ធបើកបរស្វ័យប្រវត្តិរបស់ក្រុមហ៊ុនអគ្គិសនីអាមេរិក Tesla ដែលហៅថា “Autopilot” នោះ កំពុងស្ថិតនៅត្រឹម “កម្រិត២” (Level 2) ប៉ុណ្ណោះ ប៉ុន្តែលោក Elon Musk ថាវាអាចនឹងសម្រេចបាន “កម្រិត៥” (Level 5) នៅចុងឆ្នាំ២០២១ នេះ៕ប្រភព៖sabay

Most Popular

To Top