បច្ចេកវិទ្យា

កងទ័ពអាកាស អាមេរិក មានសុទិដ្ឋិនិយម ចំពោះមីស៊ីលលឿន ជាងសម្លេង បើទោះជាតេស្តបរាជ័យ

បរទេស៖បើទោះជាការតេស្តមីស៊ីលឿន ជាងសម្លេង កាលពីសប្ដាហ៍មុន ទទួលបានបរាជ័យក៏ដោយ ក៏កងទ័ពអាកាស សហរដ្ឋអាមេរិក នៅតែសង្ឃឹមថា ខ្លួននឹងចាប់ផ្តើម ផលិតកម្មអាវុធថ្មី ក្នុងយ៉ាងយូរបំផុតត្រឹមចុងឆ្នាំ២០២២។

កងទ័ពអាកាសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នៅតែកំពុងធ្វើការស៊ើបអង្កេត ចំពោះអ្វីដែលជាកំហុស ក្នុងអំឡុង ការតេស្តសាកល្បងអាវុធឆ្លើយតបរហ័សបាញ់ ចេញពីអាកាស AGM-183A គឺក្នុងពេលតេស្តនោះ រ៉ុកកែតបានទទួលជោគជ័យ ក្នុងការបាញ់ចេញ ប៉ុន្តែបរាជ័យក្នុងការផ្ទុះ។

យោងតាមការចេញផ្សាយពីទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា កងទ័ពជើងអាកាសសហរដ្ឋអាមេរិក ចាំបាច់ត្រូវធ្វើការ តេស្តការហោះហើរនៃប្រព័ន្ធជំរុញ ARRW ឲ្យបានជោគជ័យ មុនពេលចុះហត្ថលេខា លើកុងត្រាមួយជាមួយក្រុមហ៊ុន Lockheed Martin ដែលមានគោលដៅសម្រាប់ឆ្នាំ២០២២។

គួរបញ្ជាក់ថា កញ្ចប់ថវិកាកងទ័ពជើងអាកាស សហរដ្ឋអាមេរិក រួមមានទឹកប្រាក់១៦១លានដុល្លារ ដើម្បីទិញយកមីស៊ីល AGM-183A ចំនួន១២គ្រាប់ ដែលនឹងក្លាយជាអាវុធហោះវាយប្រហារ ក្នុងល្បឿនលឿនជាងសម្លេងដំបូង របស់យោធាអាមេរិក៕

Most Popular

To Top