បច្ចេកវិទ្យា

ផ្នូរ​ ២០ឆ្នាំរបស់​ Nokia 6310 បាន​គាស់ឡើងវិញ មក​ជាមួយ​រូបរាង​ និង​មុខងារ​ថ្មី​

Nokia បាន​រំលឹកអនុស្សាវរីយ៍ចាស់ ក៏ដូចជាប្រារព្ធ​ខួប​ ២០ឆ្នាំ នៃការ​ដាក់ លក់ទូរសព្ទម៉ូដែល 6310 កាលពីឆ្នាំ២០០១ ពោល គឺ​បានរចនាឡើង​វិញ ដោយកែច្នៃរូបរាងស្អាតជាងមុន និង បំពាក់​មុខងារ​ថ្មីៗ​ ដែល​ជំនាន់នោះ​មិនទាន់មាន ។

Nokia 6310 ស៊េរី​ឆ្នាំ​២០២១ថ្មីនេះ មាន​ទំហំ​អេក្រង់​ ២,៨អ៊ិញ ជាអេក្រង់​កោងប្រភេទ TFT ​កម្រិតបញ្ចេញរូបភាព ៣២០ x ២៤០ ភិចស៊ែល។ លក្ខណៈពិសេស​ថ្មី​​គឺ​មានប៊ូតុង​ធំជាងមុន កម្មវិធី និងអក្សរ​ក្នុងអេក្រង់ទូរសព្ទ ក៏ធំជាងមុនងាយស្រួល ចុច​និងមើល ដោយ​តួខ្លួនវា​មាន​វិមាត្រ ១៤,១ ម.ម x ១៣៥ ម.ម x ៥៦ ម.ម ។

ទូរសព្ទនេះ អាចដាក់ស៊ីមបាន២ ជាប្រភេទ Mini Sim និង Nano-Sim គាំទ្រ​ដោយ​សេវា 2G និង 3G។ វា​បំពាក់​ឈីប Unisoc 6531F និង​មាន RAM 8MB ទំហំផ្ទុកក្នុងម៉ាស៊ីន 16MB និងអាច​បន្ថែម​មេម៉ូរី​ផងដែរ។

កាន់តែ​គួរឱ្យចាប់អារម្មណ៍ ទូរសព្ទ 6310 គឺមាន Bluetooth 5.0 និងអាចបើកវិទ្យុមិនប្រើខ្សែ ចាក់​ចម្រៀងMP3 ព្រមទាំងមានរន្ធ Micro USBទៀតផង។ កម្មវិធីកម្សាន្ត​នៅតែជាហ្គេម Snake ប៉ុន្តែវា​កំណែប្រែថ្មី ។

Nokia ម៉ូដែល​នេះ មានកាមេរ៉ាខាងក្រោយ ១គ្រាប់​ ទំហំ 0.2MP ជាប្រភេទ VGA អមដោយពិល LED ១គ្រាប់​នៅខាងក្រោម។ ឯទំហំថ្ម 1150 mAh ដែល​កាន់បានដល់ ២១ថ្ងៃ ហើយបើ​និយាយ ទូរសព្ទជាប់គឺដល់ជាង ១៩ម៉ោង។

ពណ៌របស់ទូរសព្ទ Nokia 6310 គឺមានជម្រើស​ពណ៌លឿង ខ្មៅ និង​បៃតងចាស់ ដោយត្រូវបានដាក់លក់ នៅ​ក្នុងប្រទេស​អង់គ្លេស តម្លៃ ៨២ដុល្លារ និងឥណ្ឌា តម្លៃ ៥៩,៩៩ដុល្លារ ៕

Most Popular

To Top