បច្ចេកវិទ្យា

អ៊ីស្រាអ៊ែល ចូលរួមក្នុងកម្មវិធីរបស់អង្គការ NASA ដើម្បីបញ្ជូនមនុស្សទៅចុះចត លើភពព្រះចន្ទ្រ និងភពព្រះអង្គារ

យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ថា ទីភ្នាក់ងារអវកាសអ៊ីស្រាអ៊ែល ហៅកាត់ (ISA) បានឲ្យដឹងកាលពីថ្ងៃពុធថា ប្រទេសអ៊ីស្រាអ៊ែល កាលពីថ្ងៃពុធបានចុះហត្ថលេខា លើកិច្ចព្រមព្រៀង Artemis និងបានចូលរួមកម្មវិធីដែលដឹកនាំ ដោយសហរដ្ឋអាមេរិក ដើម្បីបញ្ជូនមនុស្សចុះចត នៅលើឋានព្រះចន្ទ្រ នៅឆ្នាំ២០២៥ និងក្រោយមកនៅលើភពព្រះអង្គារ ។

ទីភ្នាក់ងារ ISA បានឲ្យដឹងទៀតថា កិច្ចព្រមព្រៀងដែលចុះហត្ថលេខា ដោយអ្នកគ្រប់គ្រងអង្គការ NASA លោក Bill Nelson និងអគ្គនាយក ISA លោក Uri Oron កំណត់គោលការណ៍ សម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងការរុករកអវកាស និងការប្រើប្រាស់ជនស៊ីវិល លើព្រះចន្ទ្រ និងភពព្រះអង្គារ ផ្កាយដុះកន្ទុយ និងអាចម៍ផ្កាយ សម្រាប់គោលបំណងសន្តិភាព ។

សមាជិកផ្សេងទៀត នៃកម្មវិធីរួមមាន អូស្ត្រាលី អ៊ុយក្រែន ម៉ិកស៊ិក អារ៉ាប់រួម អ៊ីតាលី ប្រេស៊ីល អង់គ្លេស ជប៉ុន ឡុចហ្ស៊ាំប៊ឺក ណូវែលសេឡង់ ប៉ូឡូញ កូរ៉េខាងត្បូង និងកាណាដា ផងដែរ ។

បើយោងតាម ISA បានឱ្យដឹងថា ការចុះហត្ថលេខានេះនឹងអនុញ្ញាត ឱ្យអ៊ីស្រាអ៊ែលចូលរួមក្នុងកម្មវិធី នៅក្នុងភាពខុសគ្នានៃការស្រាវជ្រាវ និងកិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្ត ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយឧស្សាហកម្មអវកាស នៃប្រទេសហត្ថលេខី ។

អ៊ីស្រាអ៊ែល គឺជាផ្នែកមួយនៃបេសកកម្ម Artemis 1 ដែលមិនទាន់បានបង្ហោះ ដែលគ្រោងធ្វើនៅខែមីនា នៅគ្រាដែលយានអវកាសអ៊ីស្រាអ៊ែល នឹងត្រូវបានសាកល្បង ដើម្បីការពារអវកាសយានិក ពីវិទ្យុសកម្មពីព្រះអាទិត្យ ៕​ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top