បច្ចេកវិទ្យា

ជប៉ុន និងអាមេរិក នឹងសហការគ្នាលើការចុះចតលើភពព្រះច័ន្ទ ដោយអវកាសយានិកជប៉ុន

តូក្យូ៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកគ្រោងនឹងប្រកាសពីមហិច្ឆតារួមគ្នារបស់ ពួកគេដើម្បីសម្រេចបានការចុះចតនៅភពព្រះច័ន្ទនា ពេលអនាគតដោយអវកាសយានិកជប៉ុន លើឯកសារបានចេញផ្សាយក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ទៅកាន់ទីក្រុងតូក្យូ។


ប្រភពជិតស្និទ្ធនឹងបញ្ហានេះបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការប្រកាសធ្វើឡើងដោយនាយករដ្ឋមន្ត្រី Fumio Kishida និងលោក Biden នឹងជាផ្នែកមួយនៃគម្រោង Artemis ជាកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិកក្នុងគោលបំណងជំរុញការរុករកភពព្រះច័ន្ទ និងការបញ្ជូនអវកាសយានិកទៅបំពេញបេសកកម្មទៅកាន់ភពព្រះអង្គារ។


ប្រភពបាននិយាយថា ឯកសារនឹងត្រូវបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំ របស់មេដឹកនាំនៅថ្ងៃចន្ទនេះ ក៏នឹងរួមបញ្ចូលផងដែរនូវផែនការ ដើម្បីបញ្ចប់កិច្ចព្រមព្រៀងនៅឆ្នាំ២០២៣ ស្តីពីការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការរុករកអវកាសរយៈពេលជាច្រើនទសវត្សរ៍ខាងមុខ។ ប្រភពដដែលបានបន្តថា រដ្ឋាភិបាលទាំង២ កំពុងធ្វើការរៀបចំដើម្បីពិពណ៌នាអំពីកិច្ចព្រមព្រៀងនេះ ក្នុងឯកសារការពិតដែលកំណត់ទំនាក់ទំនងទ្វេភាគី។


គម្រោងរុករកភពព្រះច័ន្ទ Artemis ស្នើឡើងដោយរដ្ឋបាលអាកាសចរណ៍ និងអវកាសជាតិរបស់សហរដ្ឋអាមេរិក គឺជាអ្នកស្នងពីកម្មវិធី Apollo បានបញ្ជូនអវកាសយានិកចំនួន ១២ នាក់ទៅកាន់ភពព្រះច័ន្ទពីឆ្នាំ ១៩៦៩ ដល់ឆ្នាំ ១៩៧២។ គម្រោងនេះនឹងរួមបញ្ចូលស្ថានីយអវកាសតូចមួយ Gateway គោចរជុំវិញព្រះច័ន្ទ និងកន្លែងស្នាក់នៅ និងផលិតថាមពល ព្រមទាំងយានរុករកអវកាសនៅលើផ្ទៃព្រះច័ន្ទ៕


ដោយ៖លី ភីលីព

Most Popular

To Top