បច្ចេកវិទ្យា

អង្គការ NASA គ្រោងប្រមូលផ្តុំ ក្រុមអ្នកវិទ្យាសាស្ត្រ ដើម្បីសិក្សា និងតាមដាន UFO

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ថា អង្គការ NASA បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនគ្រោងនឹងប្រមូលផ្តុំ ក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុម ដើម្បីពិនិត្យមើល  អំពី“បាតុភូតពីលើអាកាសដែលមិនស្គាល់អត្តសញ្ញាណ” ដែលជាទូទៅគែហៅថា UFOs នៅក្នុងសញ្ញាចុងក្រោយបង្អស់ នៃភាពធ្ងន់ធ្ងរដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងយកបញ្ហានេះគិតថា វាជារឿងសំខាន់ ។

ទីភ្នាក់ងារអវកាសអាមេរិកបានឲ្យដឹងថា ការផ្តោតអារម្មណ៍នឹងផ្តោត លើការកំណត់ទិន្នន័យ ដែលមានមធ្យោបាយដ៏ល្អបំផុត ក្នុងការប្រមូលទិន្នន័យនាពេលអនាគត និងរបៀបដែលវាអាចប្រើប្រាស់ព័ត៌មាននោះ ដើម្បីជំរុញការយល់ដឹង ផ្នែកវិទ្យាសាស្ត្រអំពីបញ្ហានេះ ។ 

អង្គការ NASA បានជ្រើសរើសយកលោក David Spergel ដែលពីមុនជាប្រធាននាយកដ្ឋានរូបវិទ្យា នៃសាកលវិទ្យាល័យ Princeton ឱ្យដឹកនាំក្រុមវិទ្យាសាស្ត្រ និង Daniel Evans អ្នកស្រាវជ្រាវជាន់ខ្ពស់ នៅក្នុងនាយកដ្ឋានបេសកកម្ម វិទ្យាសាស្ត្ររបស់ NASA ដើម្បីរៀបចំការសិក្សានេះ ។

លោក Evans បានលើកឡើងថា ក្រុមអ្នកវិទ្យាសាស្ត្រនឹងត្រូវកោះប្រជុំ នៅរដូវស្លឹកឈើជ្រុះ បន្ទាប់មកនឹងចំណាយពេលប្រហែល៩ខែ ដើម្បីបង្កើតរបាយការណ៍ សាធារណៈស្តីពីការរកឃើញនេះ ។ លោក Evans បានឲ្យដឹងទៀតថា NASA នឹងចំណាយ “គ្រប់ទីកន្លែងចាប់ពី២-៣ម៉ឺនដុល្លារ” ដល់មិនលើសពី១០ម៉ឺនដុល្លារ លើកិច្ចខិតខំប្រឹងប្រែងមួយនេះ ។

គួរបញ្ជាក់ថា ការប្រកាសនេះធ្វើឡើង១ឆ្នាំ បន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក បានចេញរបាយការណ៍មួយ ដែលចងក្រងដោយការិយាល័យនាយក ស៊ើបការណ៍សម្ងាត់ជាតិ រួមជាមួយនឹងក្រុមការងារដឹកនាំ ដោយកងទ័ពជើងទឹក ដោយរៀបរាប់លម្អិតពីការសង្កេតភាគច្រើន ដោយបុគ្គលិកកងទ័ពជើងទឹកនៃ “បាតុភូតពីលើអាកាស មិនស្គាល់អត្តសញ្ញាណ”ឬហៅថា UAPs ។

មន្ត្រីមន្ទីរបញ្ចកោណ២រូប បានផ្តល់សក្ខីកម្ម នៅថ្ងៃទី១៧ ខែឧសភានៅឯសវនាការ សភាលើកដំបូងស្តីពី UFO ក្នុងរយៈពេលកន្លះសតវត្សមកនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top