បច្ចេកវិទ្យា

ប្រទេសជប៉ុន មានបំណងបង្កើនលក់បន្ទះ ឈីប៣ដង ក្នុងតម្លៃទឹកប្រាក់ ១៥ ពាន់ពាន់លានយ៉េន នៅឆ្នាំ២០៣០

តូក្យូ៖ក្រសួងឧស្សាហកម្មបាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលជប៉ុនមានគោលបំណង បង្កើនការលក់៣ដងនៃក្រុមហ៊ុន ដែលផលិតឧបករណ៍អេឡិចត្រូនិក គ្រឿងបន្លាស់ និងសម្ភារៈក្នុងប្រទេសមានតម្លៃទឹកប្រាក់ដល់ ១៥ ពាន់ពាន់លានយ៉េននាឆ្នាំ ២០៣០ ដោយការបង្កើនការវិនិយោគយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។


គោលដៅត្រូវដាក់បញ្ចូលក្នុង យុទ្ធសាស្ត្រវត្ថុធាតុដើមរបស់ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មដែល នឹងត្រូវធ្វើបច្ចុប្បន្នភាពនៅចុងឆ្នាំនេះ ត្រូវបានបង្ហាញចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំង ដើម្បីធានាបាននូវការផ្គត់ផ្គង់ប្រកបដោយស្ថេរភាពនៃបច្ចេកវិទ្យាគន្លឹះ។


នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឲ្យដឹងថា កាលឆ្នាំ ២០២០ ការលក់របស់ក្រុមហ៊ុន ដែលកំពុងផលិតបន្ទះឈីប គ្រឿងបន្លាស់ និងសម្ភារៈពាក់ព័ន្ធ ក្នុងប្រទេសជប៉ុនមានចំនួនសរុបប្រហែល ៥ ពាន់ពាន់លានយ៉េនស្មើនឹងប្រហែល ១០ ភាគរយនៃចំណែកសកលលោក ។


ក្រសួងឧស្សាហកម្មក៏បានប៉ាន់ប្រមាណថា ប្រហែល ១១ ពាន់ពាន់លានយ៉េនត្រូវការវិនិយោគដោយវិស័យសាធារណៈ និងឯកជន រួមទាំងសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ យុទ្ធសាស្ត្រវត្ថុធាតុដើម និងឧស្សាហកម្មឌីជីថលត្រូវបានបង្កើតឡើងដំបូងកាលឆ្នាំ 2021។ ប៉ុន្តែក្រសួងកំពុងស្វែងរកការកែសម្រួលវាឡើងវិញ ដោយសារការដោះស្រាយភាពងាយរងគ្រោះនៃខ្សែសង្វាក់ផ្គត់ផ្គង់នៃវត្ថុធាតុដើម និងផលិតផលសំខាន់ៗផ្សេងទៀតកំពុងទទួលបានសារសំខាន់បន្ទាប់ពីមានការរាតត្បាតនៃមេរោគឆ្លង ការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែន និងការកើនឡើងនៃសេដ្ឋកិច្ចរបស់ប្រទេសចិន។


រដ្ឋាភិបាលបាននឹងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីធានាការផលិតបន្ទះឈីបនៅក្នុងប្រទេសជប៉ុន ដោយសន្យាផ្តល់ ប្រាក់ ឧបត្ថម្ភចំនួន ៧០ ពាន់លានយ៉េនដល់ក្រុមហ៊ុន Rapidus Corp ជាក្រុមហ៊ុនថ្មីមួយបានបង្កើតឡើងកាលពីឆ្នាំមុនតាមរយៈការវិនិយោគពីក្រុមហ៊ុនដូចជា Toyota Motor Corp និង Sony Group Corp ។


ក្រុមហ៊ុនបានចាប់ដៃគូជាមួយក្រុមហ៊ុន បច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក IBM Corp គ្រោងនឹងផលិតបន្ទះឈីប ជាច្រើនជាមួយនឹងបច្ចេកវិទ្យាទំនើប 2-nanometer នៅប្រទេសជប៉ុនក្នុងឆ្នាំ ២២៧។ក្រុមហ៊ុន Taiwan Semiconductor Manufacturing Co និងក្រុមហ៊ុនផលិតអង្គចងចាំពន្លឺដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ Kioxia Corp កំពុងសាងសង់ រោងចក្រ របស់ពួកគេនៅខេត្ត Kumamoto និង Mie រៀងៗខ្លួនតាមរយៈការឧបត្ថម្ភធនរបស់រដ្ឋាភិបាលជប៉ុន៕

ដោយ៖លី ភីលីព

Most Popular

To Top