បច្ចេកវិទ្យា

ក្រុមហ៊ុន Huawei បង្ហាញនាឡិកាឆ្លាតវៃ នៅក្នុងប្រទេសជប៉ុន

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ថា នៅថ្ងៃពុធនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei បានដាក់បង្ហាញនូវ ផលិតផលដែលអាចពាក់បាន រួមទាំងនាឡិកាឆ្លាតវៃ និងកាសស្តាប់ត្រចៀកឥតខ្សែនៅក្នុងប្រទេសជប៉ុន ដោយសម្លឹងមើលការពង្រឹងវត្តមាន របស់ខ្លួននៅក្នុងទីផ្សារដែលកំពុងរីកចម្រើន ។

ក្រុមហ៊ុន Huawei បានដាក់បង្ហាញនាឡិកាឆ្លាតវៃស៊េរី Huawei Watch Ultimate នៅទីក្រុងតូក្យូ ជាមួយនឹងការធ្វើឱ្យប្រសើរឡើង នូវមុខងារសុខភាព និងកាយសម្បទា ដែលផ្តល់នូវមុខងារមុជទឹក១០០ម៉ែត្រផងដែរ ។

នាឡិកាដែលរចនាឡើងសម្រាប់ការផ្សងព្រេងនៅក្រៅផ្ទះ ក៏ដូចជាការប្រើប្រាស់អាជីវកម្ម មានតម្លៃ១៣៥.០៨០ យ៉េន ស្មើនឹង៩៧៤ដុល្លារអាមេរិក ។

ក្នុងនោះ រួមជាមួយនឹង Huawei Watch Ultimate ឧបករណ៍ពាក់ជាច្រើនផ្សេងទៀត រួមទាំង Huawei Watch D ដែលផ្តោតលើការវាស់សម្ពាធឈាម និងកាសស្តាប់ត្រចៀកឥតខ្សែ Huawei FreeBuds 5 ក៏ត្រូវបានដាក់លក់នៅលើទីផ្សារប្រទេសជប៉ុនផងដែ រ។

លោក Yang Tao ប្រធានផ្នែកឧបករណ៍របស់ក្រុមហ៊ុន Huawei នៅក្នុងប្រទេសជប៉ុន និងកូរ៉េខាងត្បូង បានលើកឡើងនៅក្នុងបទបង្ហាញថា “យើងនឹងបន្តប្តេជ្ញាចិត្តចំពោះវិស័យសុខភាព និងកាយសម្បទា ខណៈដែលកំពុងធ្វើការយ៉ាងសកម្មជាមួយដៃគូក្នុងស្រុក ដើម្បីផ្តល់នូវបទពិសោធន៍ និងសេវាកម្មកាន់តែប្រសើរឡើងសម្រាប់អ្នកប្រើប្រាស់ជប៉ុន” ។

សូមបញ្ជាក់ថា ការចេញលក់នេះបានធ្វើឡើង ស្របពេលដែលនាឡិកាឆ្លាតវៃរបស់ក្រុមហ៊ុន Huawei កំពុងទទួលបានការពេញនិយម កាន់តែខ្លាំងឡើងក្នុងទីផ្សារប្រទេសជប៉ុន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top