បច្ចេកវិទ្យា

ប្រទេសចិន ចាប់ផ្តើមផលិតបន្ទះឈីប ជំនាន់ក្រោយ បើទោះបីជាសហរដ្ឋអាមេរិក រារាំងក៏ដោយ

RT News

ចិន ៖ កាសែត Financial Times បានរាយការណ៍ នៅសប្តាហ៍នេះបានឲ្យដឹងថា ក្រុមហ៊ុនផលិតបន្ទះឈីប របស់ប្រទេសចិនរំពឹងថា នឹងផលិតប្រព័ន្ធដំណើរការស្មាតហ្វូនជំនាន់ ក្រោយនៅដើមឆ្នាំនេះ បើទោះបីជាសហរដ្ឋអាមេរិកព្យាយាមរារាំង ការរីកចម្រើនផ្នែកបច្ចេកវិទ្យា របស់ប្រទេសអាស៊ីក៏ដោយ ។

យោងតាមរបាយការណ៍ បានលើកឡើងពីអ្នកដឹងពីបញ្ហានេះថា ក្រុមហ៊ុនផលិតបន្ទះឈីបកំពូល របស់ប្រទេសចិន SMIC បានដាក់បញ្ចូលគ្នានូវ ខ្សែសង្វាក់ផលិតកម្ម Semiconductor ថ្មីនៅទីក្រុងសៀងហៃ ដើម្បីផលិតបន្ទះសៀគ្វី ជាច្រើនដែលរចនា ដោយក្រុមហ៊ុន Huawei ។ ប្រភពបាននិយាយថា SMIC គ្រោងនឹងប្រើប្រាស់ឧបករណ៍ផលិត នៅសហរដ្ឋអាមេរិក និងហូឡង់ មានស្រាប់ក្នុងស្តុក ដើម្បីផលិតបន្ទះឈីប ទំហំ ៥ ណាណូម៉ែត្រ ។

ប្រភពមួយបានប្រាប់ FT ថា ជាមួយនឹងថ្នាំង ៥ ណាណូម៉ែត្រថ្មីនេះ ក្រុមហ៊ុន Huawei មានផ្លូវល្អក្នុងការធ្វើឲ្យប្រសើរឡើងនូវស្មាតហ្វូនស៊េរីថ្មី និងបន្ទះឈីបមជ្ឈមណ្ឌលទិន្នន័យ ។ កាលខែកញ្ញា ឆ្នាំ ២០២៣ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន ដែលរងទណ្ឌកម្ម បានចាប់ផ្តើមលក់ដោយជោគជ័យ នូវស្មាតហ្វូន Mate 60 Pro របស់ខ្លួនដែលប្រើប្រាស់បន្ទះឈីប កម្រិតខ្ពស់ ៧ ណាណូម៉ែត្រ ។

ប្រឈមមុខនឹងការរឹតត្បិតកាន់តែខ្លាំង រដ្ឋាភិបាលចិនបាន និងកំពុងវិនិយោគយ៉ាងច្រើន ដើម្បីបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ Semiconductor ដែលអាចពឹងផ្អែកលើខ្លួនឯង ។ រដ្ឋបាលរបស់ប្រធានាធិបតី អាមេរិកលោក Joe Biden បានណែនាំនូវការគ្រប់គ្រងការ នាំចេញដ៏ទូលំទូលាយនៅឆ្នាំ ២០២២ ក្នុងគោលបំណងកាត់បន្ថយភាពជឿនលឿនខាងបច្ចេកវិទ្យារបស់ប្រទេសចិន ដោយអះអាងពីការព្រួយ បារម្ភអំពីសន្តិសុខជាតិ។
ក្នុងចំណោមវិធានការទាំងនោះ គឺការហាមប្រាមលើការ លក់បន្ទះឈីប Semiconductor មួយចំនួនទៅប្រទេសចិន ដែលផលិតនៅគ្រប់ទីកន្លែង ក្នុងពិភពលោក ជាមួយនឹងឧបករណ៍ របស់សហរដ្ឋអាមេរិក និងការទប់ស្កាត់ការនាំចេញបន្ទះឈីបសម្រាប់ប្រព័ន្ធ កុំព្យូទ័រទំនើប និងបញ្ញាសិប្បនិម្មិត ។

ប្រទេសចិន បានរិះគន់ម្តងហើយម្តងទៀត នូវការទប់ស្កាត់ការនាំចេញដោយអះអាងថា ពួកគេដើរផ្ទុយនឹងច្បាប់ទីផ្សារដែលទទួលស្គាល់ជាសកល។ កាលពីខែមុន អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Mao Ning បាននិយាយថា ការរឹតបន្តឹងរបស់ទីក្រុងវ៉ាស៊ីនតោន ហួសពីគំនិតនៃសន្តិសុខជាតិ និងបំផ្លាញខ្សែសង្វាក់ផ្គត់ផ្គង់ ៕
ដោយ៖លី ភីលីព

Most Popular

To Top