វៀតណាម ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ទូរសព្ទ iPhone 16 របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ដែលជាស្មាតហ្វូនលក់ដាច់បំផុត របស់ពិភពលោកនៅឆ្នាំ ២០២៥ បានទទួលការបញ្ចុះតម្លៃនៅប្រទេសវៀតណាម បន្ទាប់ពីការកើនឡើង តម្លៃអស់រយៈពេលជាច្រើនខែ។
ទូរសព្ទ iPhone16 ទំហំ 128GB ឥឡូវនេះកំពុងលក់ក្នុងតម្លៃប្រហែល ២០.៤ លានដុង (៧៧៦ ដុល្លារអាមេរិក) ធ្លាក់ចុះ ៦០០,០០០ ដុងពីមួយខែមុន។
លោក Nguyen Nhu Thanh អនុប្រធានផ្នែកផលិតផលរបស់ Apple នៅ FPT Shop បានប្រាប់កាសែត Dan Tri ថា 16 នៅតែបន្តលក់បានស្ថិរភាពក្នុងប្រទេសវៀតណាម ប៉ុន្តែឥឡូវនេះស្ថិតនៅលំដាប់នៅពីក្រោយ 17 និង 15 ដោយសារអ្នកប្រើប្រាស់ផ្លាស់ប្តូរទៅរកម៉ូដែលថ្មីជាង ឬថោកជាង។
យោងតាម Counterpoint Research បាននិយាយថា ទូរស័ព្ទ iPhone 16 គឺជាស្មាតហ្វូនលក់ដាច់បំផុតរបស់ពិភពលោក នៅឆ្នាំ ២០២៥។ វានៅតែជាម៉ូដែលលក់ដាច់បំផុតមួយរបស់ពិភពលោកក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៦ ដោយជាប់ចំណាត់ថ្នាក់ទី៦ ខណៈម៉ូដែលបន្ទាប់របស់វាគឺ 17 បានឈរនៅលំដាប់កំពូល។
ទោះបីជាទទួលបានជោគជ័យទូទាំងពិភពលោកក៏ដោយ ទូរសព្ទ 16 បានទាក់ទាញតម្រូវការតិចជាងមុនក្នុងប្រទេសវៀតណាមចាប់តាំងពីការចេញលក់នាខែកញ្ញា ឆ្នាំ២០២៤ ជាពិសេសបន្ទាប់ពីបានឆ្លងកាត់ការកើនឡើងតម្លៃជាច្រើន។ ឧបករណ៍នេះក៏ប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងក្នុងផ្នែកស្មាតហ្វូនកម្រិតមធ្យមកម្រិតខ្ពស់របស់ប្រទេសវៀតណាមពីស្មាតហ្វូន Android ថ្មីៗ រួមទាំង Samsung Galaxy S26, OPPO Find X9s, vivo X300 និង Xiaomi 17។
អ្នកនាំពាក្យរបស់អ្នកលក់រាយ Di Dong My បាននិយាយថា ការកាត់បន្ថយតម្លៃចុងក្រោយបំផុតនេះត្រូវបានគេរំពឹងថានឹងជំរុញការលក់ ដោយបន្ថែមថា 16 មានគុណសម្បត្តិជាងគូប្រជែង Android ក្នុងផ្នែកតម្លៃដូចគ្នា ដោយសារតែប្រព័ន្ធអេកូឡូស៊ីរួមបញ្ចូលគ្នារបស់ Apple ដំណើរការដែលអាចទុកចិត្តបាន និងតម្លៃរយៈពេលវែង៕
