ផ្សេងៗ

នាវាចម្បាំងរុស្ស៊ី និងចិន ប្រារព្ធធ្វើប្រតិបត្តិការ ល្បាត រួមគ្នាដំបូង នៅមហាសមុទ្រប៉ាស៊ីហ្វិក

បរទេស៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ី នៅថ្ងៃសៅរ៍នេះ បាននិយាយប្រាប់ថា នាវាចម្បាំងរបស់រុស្ស៊ីនិងចិន បានប្រារព្ធធ្វើប្រតិបត្តិការល្បាតរួមគ្នាដំបូង នៅក្នុងផ្នែកខាងលិច នៃមហាសមុទ្រប៉ាស៊ីហ្វិក ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២៣ ខែតុលានេះ។ 

ទីក្រុងមូស្គូនិងទីក្រុងប៉េកាំង ដែលបានធ្វើសមយុទ្ធសហប្រតិបត្តិការទ័ពជើងទឹក នៅក្នុងដែនសមុទ្រជប៉ុន កាលពីដើមខែតុលា បានបង្កើនចំណងមិត្តភាពយោធា និងការទូតកាន់តែជិតស្និទ្ធឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ស្របពេលដែលចំណងមិត្តភាព របស់ប្រទេសទាំងពីរ ជាមួយលោកខាងលិច មានការធ្លាក់ចុះ។ 

ប្រតិបត្តិការល្បាតដោយទ័ពជើងទឹក នៃប្រទេសទាំងពីរ ត្រូវបានឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ដោយជប៉ុន ដែលធ្លាប់បាននិយាយនៅដើមសប្ដាហ៍នេះថា នាវាមួយក្រុមមានចំនួន១០គ្រឿង មកពីចិននិងរុស្ស៊ី បានធ្វើដំណើរកាត់តាមច្រកសមុទ្រ Tsugaru ដែលខ័ណ្ឌចែកដីគោកជប៉ុន និងកោះ Hokkaido នៅភាគខាងជើងប្រទេស។ 

តាមសេចក្តីរាយការណ៍ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយយ៉ាងដូច្នេះថា “ភារកិច្ចនៃប្រតិបត្តិការល្បាតនេះ គឺជាការបង្ហាញទង់ជាតិរុស្ស៊ីនិងចិន រក្សាសន្តិភាពនិងស្ថិរភាព នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងការពារកម្មវត្ថុ នៃសកម្មភាពសេដ្ឋកិច្ចដែនសមុទ្រ របស់ប្រទេសទាំងពីរ”៕ ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top