បរទេស៖នៅថ្ងៃពុធនេះនាវាចម្បាំង មួយគ្រឿងរបស់ប្រទេសអាល្លឺម៉ង់ បានធ្វើដំណើរនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ជាលើកដំបូងមិនធ្លាប់មានឡើយក្នុង រយៈពេល២០ឆ្នាំចុងក្រោយ នេះដើម្បីចូលរួមក្នុងសកម្មភាព ពង្រីកវត្តមានយោធារបស់ប្លុកលោកខាងលិច នៅក្នុងតំបន់ដែលមានជម្លោះ ជាមួយនឹងមហាយក្សចិន។
រំលឹកដែរថា តំបន់សមុទ្រចិនខាងត្បូងស្ទើរតែទាំងអស់ គឺកំពុងត្រូវបានប្រទេសចិនបន្តធ្វើការអះអាង ដើម្បីទាមទារយកពីបណ្តាប្រទេសដែលមានព្រំដែនជាប់ដូចជាវៀតណាម ហ្វីលីពីនជាដើមហើយរយៈពេលចុងក្រោយនេះចិនបានថែមទាំង បង្កើនចំនួនកងកម្លាំងយោធា របស់ខ្លួនជាច្រើននៅទីនេះផងដែរ។
អ្នកនាំពាក្យរបស់ក្រសួងការពារជាតិអាល្លឺម៉ង់ បានបញ្ជាក់ថានាវាចម្បាំង របស់អាល្លឺម៉ង់មួយគ្រឿងនេះ បានចាប់ផ្តើមធ្វើដំណើរចូលទៅកាន់តំបន់សមុទ្រមួយនេះដើម្បីឆ្ពោះទៅកាន់ ប្រទេសសិង្ហបុរី ហើយនឹងរំពឹងទុកថានឹងបន្តស្នាក់នៅទីនេះ រយៈពេលជាច្រើនថ្ងៃ។
គួរឲ្យដឹងដែរថារដ្ឋាភិបាលអាមេរិកបានកំពុងបន្តប្រឈមមុខ ទៅនឹងរដ្ឋាភិបាលក្រុងប៉េកាំង រហូតមកចំពោះបញ្ហាសមុទ្រចិនខាងត្បូង ពីលើបញ្ហាផ្សេងទៀតដូចជា បញ្ហាសេដ្ឋកិច្ចនិងបញ្ហាជនជាតិភាគ តិចនិងក៏ដូចជាបញ្ហាគោលនយោបាយ ការបរទេស៕
ប្រែសម្រួល៖ស៊ុនលី