បរទេស៖ ទីភ្នាក់ងារព្រំដែនអ៊ុយក្រែន បាននិយាយនៅពេលថ្មីៗនេះថា សហរដ្ឋអាមេរិក នឹងផ្តល់ហិរញ្ញប្បទាន ដល់គម្រោងនានា ដោយរួមទាំងឧបករណ៍យកការណ៍ និងឧបករណ៍ឃ្លាំមើល ដើម្បីពង្រឹងព្រំដែន របស់ប្រទេសអ៊ុយក្រែន ជាប់នឹងប្រទេសរុស្ស៊ី និងបេឡារុស ស្របពេលមានភាពតានតឹងបន្តកើនឡើង ជាមួយទីក្រុងមូស្គូ។
តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ទីក្រុងគៀវចោទប្រកាន់ទីក្រុងមូស្គូថា ការប្រមូលផ្តុំកងទ័ពរាប់ម៉ឺននាក់ នៅជិតព្រំដែនខ្លួននោះ គឺជាការត្រៀមរៀបចំ សម្រាប់ការវាយលុកអាចមានណាមួយ។
ប៉ុន្តែរុស្ស៊ីបានធ្វើការបដិសេធថា គ្មានគម្រោងធ្វើការវាយប្រហារណាមួយនោះទេ និងបានចោទអ៊ុយក្រែន និងសហរ្ឋអាមេរិក ពីបទមានទង្វើបង្កអស្ថិរភាព ហើយបានស្វះស្វែង ឲ្យមានការធានាសន្តិសុខ មិនឲ្យមានការពង្រីកវិសាលភាព របស់អង្គការសម្ពន្ធមិត្តណាតូ ឆ្ពោះមកភាគខាងកើត។
ទីភ្នាក់ងារព្រំដែនអ៊ុយក្រែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គម្រោងមានទំហំទឹកប្រាក់ ២០លានដុល្លារ រួមមានទាំងការទិញប្រព័ន្ធថតវីដេអូ និងកូនដ្រូន ក៏ដូចជាឧបករណ៍ការពារដាក់តាមខ្លួន របស់កងកម្លាំងការពារព្រំដែនផងដែរ៕
ប្រែសម្រួល៖ប៉ាង កុង