ព័ត៌មានអន្តរជាតិ

នាវាចម្បាំងអាមេរិក ​នឹងបន្តមានវត្តមាន នៅមេឌីទេរ៉ាណេ ដោយសារបញ្ហាអ៊ុយក្រែន និងរុស្ស៊ី

បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក Lloyd Austin នៅសប្តាហ៍នេះ ត្រូវបានគេដឹងថា បានចេញបញ្ជាឲ្យនាវាផ្ទុកយន្តហោះចម្បាំង របស់អាមេរិកមួយគ្រឿង ព្រមទាំងក្រុមនាវាប្រយុទ្ធជាច្រើនគ្រឿងទៀត ក្នុងការបន្តមានវត្តមាន នៅក្នុងសមុទ្រមេឌីទេរ៉ាណេ ជាជាងការធ្វើដំណើរ ទៅកាន់តំបន់មជ្ឈឹមបូព៍ា ដោយសារបារម្ភពីសុវត្ថិភាព រវាងជម្លោះអ៊ុយក្រែន និងរុស្ស៊ី។

មន្ត្រីក្រសួងការពារជាតិអាមេរិក កាលពីថ្ងៃអង្គារបានបញ្ជាក់ទៀតថា ការសម្រេចចិត្ត ក្នុងការផ្លាស់ប្តូរពេលវេលានេះ ត្រូវបានធ្វើឡើងចំពោះនាវាផ្ទុកយន្តហោះចម្បាំង Harry S.Truman ព្រមជាមួយនឹងនាវាចម្បាំង៥គ្រឿងទៀត របស់អាមេរិក ដើម្បីឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្ត របស់អាមេរិក នៅក្នុងកិច្ចការងារការពារអ៊ឺរ៉ុប។

គួរឲ្យដឹងដែរថាកន្លងមកថ្មីៗនេះ ទាំងអាមេរិក និងសម្ព័ន្ធមិត្តក្នុងប្លុកអ៊ឺរ៉ុប បាននាំគ្នាធ្វើការតាមដានយ៉ាងខ្លាំង ចំពោះសកម្មភាពពង្រីកកម្លាំងយោធារបស់រុស្ស៊ី នៅក្នុងតំបន់ព្រំដែនក្បែរ ទៅនឹងប្រទេសអ៊ុយក្រែន ខណៈដែលចំនួន នៃកម្លាំងយោធាទាំងនោះ បានកើនឡើងរហូតទៅដល់១០ម៉ឺននាក់ និងបារម្ភថា រុស្ស៊ីនឹងអាចវាយប្រហារ ទៅលើអ៊ុយក្រែន ក្នុងពេលណាមួយជាមិនខាន។

រំលឹកដែរថាកាលពីឆ្នាំ២០១៤ រុស្ស៊ីបានធ្វើការលុកលុយតំបន់ Crimea របស់ប្រទេសអ៊ុយក្រែន ដោយខុសច្បាប់ ហើយជម្លោះបានកើតឡើង នៅក្នុងតំបន់និងបានធ្វើឲ្យមនុស្ស ប្រមាណជា១៤០០០នាក់ បាត់បង់ជីវិត មកទល់ពេលនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top