តេអេរ៉ង់ ៖ លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ កំពូលរបស់អ៊ីរ៉ង់ លោក Ali Shamkhani បានលើកឡើងថា ការរំលោភលើការសន្យា របស់សហរដ្ឋអាមេរិក បង្កការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរដល់ “កិច្ចព្រមព្រៀងដ៏ល្អ” នៅក្នុងកិច្ចចរចា នុយក្លេអ៊ែរ ដែលកំពុងបន្ត ។
លោក Shamkhani បានសរសេរនៅលើគណនី ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកថា “ការប្រព្រឹត្តមិនត្រឹមត្រូវ របស់អាមេរិក ដែលត្រូវបានបញ្ជាក់ គឺជាការគំរាមកំហែង ដ៏ សំខាន់បំផុត ចំពោះកិច្ចព្រមព្រៀងណាមួយ” ។ លោកបានកត់សម្គាល់ថា “ការផ្ទៀងផ្ទាត់ និងការធានា គឺជាផ្នែកសំខាន់មួយ នៃកិច្ចព្រមព្រៀងដ៏ល្អ” ។
លោក Shamkhani បានពន្យល់ថា “ការដកទណ្ឌកម្មពិតប្រាកដ មានន័យថា អ៊ីរ៉ង់នឹងទទួលបាននូវអត្ថប្រយោជន៍ សេដ្ឋកិច្ច ដែលអាចទុកចិត្តបាន និងនិរន្តរភាព” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
មួយថ្ងៃមុននេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian បានលើកឡើងថា “កិច្ចព្រមព្រៀងល្អ” នឹងអាចសម្រេចបានក្នុងរយៈពេលខ្លី ប្រសិនបើ សហរដ្ឋអាមេរិក និងក្រុមប្រទេស E3 នៃ ប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ បង្ហាញភាពម៉ឺងម៉ាត់ ក្នុងការគោរពពេញលេញ នូវការប្តេជ្ញា ចិត្តរបស់ពួកគេ ក្រោមកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA)។
អ៊ីរ៉ង់បានចុះហត្ថលេខាលើ JCPOA ជាមួយមហាអំណាច ក្នុងខែកក្កដា ឆ្នាំ២០១៥ ។ ទោះជាយ៉ាងណាក៏ដោយ អតីតប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ បានដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀង ក្នុងខែឧសភា ឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្មជាឯកតោភាគីឡើងវិញ លើប្រទេសអ៊ីរ៉ង់ ដែលបានជំរុញ ឱ្យភាគីចុងក្រោយទម្លាក់ចោល ការសន្យានុយក្លេអ៊ែរ មួយចំនួនរបស់ខ្លួន មួយឆ្នាំក្រោយមក និងឈានទៅមុខលើកម្មវិធី នុយក្លេអ៊ែរ របស់ខ្លួន ។
ចាប់តាំងពីខែមេសា ឆ្នាំ២០២១ ការចរចាចំនួន ៨ជុំត្រូវបានធ្វើឡើងនៅក្នុងរដ្ឋធានីវីយែនរបស់ប្រទេសអូទ្រីសរវាងប្រទេសអ៊ីរ៉ង់ និងភាគី JCPOA ដែលនៅសេសសល់រួមមាន អង់គ្លេស ចិន បារាំង រុស្ស៊ី និងអាឡឺម៉ង់ ជាមួយនឹងសហរដ្ឋអាមេរិក ដែលចូលរួមដោយប្រយោលក្នុងកិច្ចពិភាក្សានេះ ដើម្បីស្តារឡើងវិញ នូវកិច្ចព្រមព្រៀងដ៏សំខាន់នេះ ៕
ដោយ ឈូក បូរ៉ា