បាដាដ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ថា គ្រាប់រ៉ុក្កែតប្រភេទ Katyusha ចំនួន៤គ្រាប់ កាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានបាញ់ផ្លោង ទៅ លើមូលដ្ឋានទ័ព អាកាស Balad ដែលជា មូលដ្ឋានទ័ព អាកាសយោធាធំបំផុត របស់ប្រទេសអ៊ីរ៉ាក់ ស្ថិតនៅភាគខាងជើង នៃរដ្ឋធានីបាដាដ ។ ប្រភពចេញពីសន្តិសុខ ក្នុងស្រុកមួយបានឲ្យដឹងដូច្នេះ ។
លោក Mohammed al-Bazi មកពីស្នងការនគរខេត្ត បានប្រាប់ដល់ទីភ្នាក់ងារស៊ិនហួ ថា គ្រាប់រ៉ុក្កែតបានធ្លាក់ចុះនៅមូលដ្ឋាន ទ័ពអាកាស Balad ក្នុងខេត្ត Salahudin ចម្ងាយប្រហែល៩០គីឡូម៉ែត្រភាគខាងជើង នៃទីក្រុងបាដាដ ដោយមិនបានបណ្តាល ឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ។
លោក al-Bazi បានលើកឡើងថា គ្រាប់រ៉ុក្កែតចំនួន៣គ្រាប់ បានផ្លោងចំអគារមួយខ្នងនៅខាងក្នុងមូលដ្ឋាន ដោយបន្សល់ទុកនូវការ ខូចខាតបន្តិចបន្តួច ខណៈដែលគ្រាប់ទី៤បានធ្លាក់នៅទីវាលមួយ ដោយបន្ថែមថា គ្រាប់រ៉ុក្កែតទាំងនោះ ត្រូវបានបាញ់ចេញពីខេត្តជិតខាង នៃខេត្ត Diyala ។
គួរបញ្ជាក់ថា មូលដ្ឋានទ័ពអាកាស Balad ជាទីតាំងផ្ទុកយន្តហោះចម្បាំង F-16 របស់អ៊ីរ៉ាក់ ។ ក្រុមបច្ចេកទេស របស់សហរដ្ឋអាមេរិក បានដកខ្លួនចេញពីមូលដ្ឋាន នេះរួចហើយ ចំពេលមានការវាយប្រហារ ដោយគ្រាប់រ៉ុក្កែតដោយកងជីវពល មិនស្គាល់អត្តសញ្ញាណ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា