បច្ចេកវិទ្យា

ចាំយូរហើយ! Lexus ចេញមុខមាត់​ពិត ឡានសាកភ្លើង RZ 450e ​តម្លៃ​ជាង ៤ម៉ឺន​ដុល្លារ

នៅទីបំផុត​ Lexus បាន​ទម្លាយ​មុខមាត់​ពិតប្រាកដ​ នូវ​រថយន្ត​អគ្គិសនី​ថ្មីរបស់ខ្លួន​ហើយ គឺម៉ូដែល RZ 450e ឆ្នាំ​២០២៣។ វាជា​រថយន្ត​អគ្គិសនី​ទី៣ ដែល​អភិវឌ្ឍន៍​លើគ្រោង​ឆ្អឹង e-TNGA បន្ទាប់ពី Toyota bZ4X និង Subaru Solterra។

Lexus RZ នេះ បំពាក់​ម៉ូទ័រអគ្គិសនី​ ដែលមាន​កម្លាំង ៣០៨សេះ គឺ​ខ្លាំងជាង bZ4X និង Solterra ប៉ុន្តែ​កម្លាំង​រមួល​វិញ មិនទាន់​ត្រូវបាន​បញ្ជាក់​ឡើយ។ ចំណែក​អាគុយ​វិញ គឺវាមាន​ទំហំ ៧១,៤គីឡូវ៉ាត់​ម៉ោង ដែល​ពេល​សាកពេញ អាចធ្វើដំណើរ​បាន​ ដល់​ចម្ងាយ ៣៦២គីឡូម៉ែត្រ។ ចម្ងាយប៉ុណ្ណេះ វាប្រហែល​គ្នាទេ។

រូបរាង​ខាងក្រៅ​របស់ RZ 450e រូវបាន​ឌីហ្សាញ​ ជា​រថយន្ត​បែបអនាគត​ ​មាន​ភាពប្រណីតខ្លាំង ពិសេស​ផ្នែក​ខាងមុខ​រចនា​ ជារាងច្រមុះ​ត្រីឆ្លាម បំពាក់​ជាមួយ​ចង្កៀង​ស្រួច LED និង​មាន​ប៉ាណា spindle grille ដែល​ Leuxs ច្រើនតែ​បំពាក់​លើ​រថយន្ត​ខ្លួន។ ឯផ្នែកកាប៊ីន ក៏មានការចាប់អារម្មណ៍ខ្លាំងផងដែរ ទៅលើ ចង្កូតរថយន្ត​មួយកំណាត់ ឬហៅថា Yoke-Style Steering Wheel ដែល​គេ​បានឃើញរួច​មកហើយ ​នៅលើរថយន្ត Tesla Model S Plaid។ ក្រៅពីនោះ គឺ​ឃើញ​មាន​កុងទ័រឌីជីថល និង​ប្រព័ន្ធកម្សាន្ត Touchscreen ១៤អ៊ីញ ហើយ​ចង្កឹះលេខ​ត្រូវបានឌីហ្សាញ​បែបប្រណិត​ថ្មី។

គេ​រំពឹងថា Lexus នឹង​បញ្ចេញ​លក់​រថយន្ត​នេះ​ជាផ្លូវការ​ ក្នុងទឹកដី​សហរដ្ឋអាមេរិក នៅ​អំឡុងត្រីមាស​ទី៤ ឆ្នាំ​២០២២ ដោយវានឹង​មានតម្លៃចាប់ពី ជាង ៤២ ០០០ដុល្លារ ដែល​ថ្លៃជាង bZ4x និង Soltera៕ Source: Sabay

Most Popular

To Top