ព័ត៌មានអន្តរជាតិ

ប្រមុខ អង្គការសហប្រជាជាតិ ទាមទារ ឲ្យបញ្ឈប់ ការវាយប្រហារ ដោយអាវុធ នុយក្លេអ៊ែរ

យូអិន ៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងថា ពិភពលោក គឺស្ថិតនៅក្នុង “គ្រាដ៏គ្រោះថ្នាក់បំផុត” ហើយប្រទេសទាំងអស់ ដែលមាន អាវុធនុយក្លេអ៊ែរ ត្រូវតែធ្វើការប្តេជ្ញាចិត្ត ដោយមិនប្រើប្រាស់អាវុធនេះ ជាមុនឡើយ” ខណៈដែលលោក ក៏បានអំពាវនាវឱ្យបញ្ចប់ “ការផ្ទុះអាវុធនុយក្លេអ៊ែរ” ផថដែរ។

ប្រមុខអង្គការសហប្រជាជាតិរូបនេះ បានអំពាវនាវឱ្យមានការប្តេជ្ញាចិត្តដូចគ្នា ចំពោះការសន្ទនា និងហេតុផលដែលនាំ ទៅដល់កិច្ចព្រមព្រៀង ដែលបានចាប់ផ្តើមឡើងវិញ នូវការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ និងជីពីអ៊ុយក្រែន និងរុស្ស៊ី ដើម្បីអនុវត្តចំពោះ “ស្ថានភាពធ្ងន់ធ្ងរ” នៅរោងចក្រថាមពល នុយក្លេអ៊ែរដ៏ធំបំផុត របស់អឺរ៉ុបនៅ Zaporizhzhia ដែលជាកន្លែងបន្តការបាញ់ផ្លោង និងការប្រយុទ្ធគ្នា បានបង្កើនការភ័យខ្លាចនៃគ្រោះមហន្តរាយ។

លោក Guterres បានលើកឡើងថា “អនាគតរបស់មនុស្សជាតិ គឺស្ថិតនៅក្នុងដៃរបស់យើងនៅថ្ងៃនេះ” ខណៈលោកបានជំរុញឱ្យប្រទេសទាំងអស់ “ប្តេជ្ញាចិត្តឡើងវិញ ចំពោះពិភពលោក ដែលគ្មានអាវុធនុយក្លេអ៊ែរ និងកុំឱ្យមានការខិតខំប្រឹងប្រែង ដើម្បីមកតុចរចា ប្រយោជន៍បន្ធូរបន្ថយភាពតានតឹង និងបញ្ចប់ការប្រកួតប្រជែង អាវុធនុយក្លេអ៊ែរ” ។

នៅក្នុងនោះដែរ តាមការសិក្សាបានឲ្យដឹងថា សង្គ្រាមនុយក្លេអ៊ែរ រវាងសហរដ្ឋអាមេរិក និងរុស្ស៊ីនឹងបំផ្លាញ មនុស្សជាតិ ៧៥ភាគរយ ដោយសារតែទុរ្ភិក្សពិភពលោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National ។

អគ្គលេខាធិការរូបនេះ បានឲ្យដឹងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ដែលរៀបចំដោយប្រទេសចិន ដែលកាន់តំណែងជាប្រធានក្នុងខែនេះ ស្តីពី “ការលើកកម្ពស់សន្តិសុខរួម តាមរយៈការសន្ទនា និងកិច្ចសហប្រតិបត្តិការ” ។

លោក Guterres បានបន្ដថា នៅជុំវិញពិភពលោក សន្តិសុខសមូហភាព កំពុងត្រូវបានសាកល្បង ដែល “មិនធ្លាប់មានពីមុនមក” ដោយចង្អុល ទៅការបែងចែក ភូមិសាស្ត្រនយោបាយ ជម្លោះ រដ្ឋប្រហារយោធា ការឈ្លានពាន សង្រ្គាមដ៏យូរ និងភាពខុសគ្នារវាងមហាអំណាចពិភពលោក “រួមទាំងនៅក្នុងក្រុមប្រឹក្សានេះ” ៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top