វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយ ដែលបានចាក់ផ្សាយ កាលពីថ្ងៃអាទិត្យថា កងកម្លាំងសហរដ្ឋអាមេរិក នឹងការពារកោះតៃវ៉ាន់ ប្រសិនបើកោះនេះ ត្រូវបានវាយប្រហារ ដោយប្រទេសចិន ដែលជាការឆ្លើយតប យ៉ាងច្បាស់លាស់បំផុត ចំពោះបញ្ហាថា តើសហរដ្ឋអាមេរិក នឹងមកផ្តល់ជំនួយដល់កោះ ដែលគ្រប់គ្រងដោយខ្លួន ឯងឬអត់។
ការកត់សម្គាល់នេះ អាចត្រូវបានគេមើលឃើញថា ជាការផ្លាស់ប្តូរនៅក្នុងគោលនយោបាយ យូរអង្វែងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការរក្សា “ភាពមិនច្បាស់លាស់ ជាយុទ្ធសាស្រ្ត” ទាក់ទងនឹងការប្រើប្រាស់កម្លាំងយោធាក្នុងការឆ្លើយតបទៅនឹងការវាយប្រហារ របស់ចិន លើទីក្រុងតៃប៉ិ។ លោកប្រធានាធិបតី បានផ្តល់យោបល់ស្រដៀងគ្នានេះ ក្នុងពេលកន្លងមក ដែលមិនមានទំហំ ដល់ការផ្លាស់ ប្តូរគោល នយោបាយ ជា ផ្លូវ ការ នោះទេ។
តៃវ៉ាន់ និងចិនដីគោក ត្រូវបានគ្រប់គ្រងដោយឡែកពីគ្នា ចាប់តាំងពីពួកគេបានបែកបាក់គ្នា ដោយសារតែសង្គ្រាមស៊ីវិលក្នុងឆ្នាំ១៩៤៩។ ចាប់តាំងពីពេលនោះមក ទីក្រុងប៉េកាំង បានព្យាយាមនាំយកកោះនេះត្រឡប់ទៅជាផ្នែករបស់ខ្លួនវិញ ប៉ុន្ដែមិនបានសម្រេច។
លោក បៃដិន បានឲ្យដឹងនៅក្នុងបទសម្ភាសន៍របស់ CBS News ថាសហរដ្ឋអាមេរិក មិនលើកទឹកចិត្តតៃវ៉ាន់ឱ្យក្លាយជាឯករាជ្យនោះទេ ប៉ុន្តែ នៅពេល សួរថា តើកងកម្លាំងអាមេរិក នឹងការពារកោះប្រជាធិបតេយ្យ ឬ អត់នោះ លោក ប្រធានាធិបតី បានលើកឡើងថា “បាទបើការពិត មានការវាយប្រហារ មិន ធ្លាប់មាន ពីមុនមក ” ។
អ្នកសម្ភាសន៍បានស្វែង រកការបំភ្លឺពីទស្សនៈ របស់លោក បៃដិន ដោយជំរុញគាត់ថា តើបុគ្គលិកយោធាអាមេរិក មិនដូចករណីដែលរុស្ស៊ី ឈ្លានពានអ៊ុយក្រែន នឹងការពារតៃវ៉ាន់ ក្នុងករណីមានការវាយប្រហាររបស់ចិនទេ ហើយប្រធានាធិបតីបានលើកឡើង ជាវិជ្ជមានថា “បាទ” ។
យោងតាមសារព័ត៌មាន CBS News មន្ត្រីសេតវិមានម្នាក់ក្រោយមកបានលើកឡើងថា គោលនយោបាយរបស់សហរដ្ឋអាមេរិក លើកោះតៃវ៉ាន់ មិនបានផ្លាស់ប្តូរនោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទថា ប្រទេសចិន “មិនពេញចិត្ត និងប្រឆាំងដាច់ខាត” ចំពោះការលើកឡើងរបស់លោក បៃដិន និងបានធ្វើ “តំណាងដ៏ឧឡារិក” ទៅកាន់ទីក្រុងវ៉ាស៊ីនតោន៕