ព័ត៌មានអន្តរជាតិ

ប្រទេសប៉ូឡូញ ដាក់យោធា ឱ្យស្ថិតក្នុងការប្រុងប្រយ័ត្ន ក្រោយរងការវាយប្រហារ ដោយគ្រាប់មីស៊ីល

បរទេស៖ ប្រទេសប៉ូឡូញ បានដាក់ការប្រុងប្រយ័ត្ន ផ្នែកយោធារបស់ខ្លួន ហើយកំពុងពិភាក្សាថា តើត្រូវប្រើមាត្រា ៤ របស់អង្គការណាតូដែរឬទេ។ រដ្ឋាភិបាលកំពុងតែស៊ើបអង្កេតពីមូលហេតុ នៃការផ្ទុះនៅភូមិមួយក្បែរព្រំដែន ជាមួយអ៊ុយក្រែន ដែលក្រុងគៀវបានបន្ទោសរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា មាត្រា៤ គឺជាយន្តការមួយដែលត្រូវបានលើកឡើង ក្នុងករណីដែលសមាជិកណាតូ មានអារម្មណ៍ថាមានការគំរាមកំហែង ដែលតម្រូវឱ្យមានការពិគ្រោះយោបល់ ជាមួយរដ្ឋសមាជិកចំនួន ២៩ប្រទេសផ្សេងទៀត និងការសម្រេចចិត្ត ជាឯកច្ឆន្ទលើវិធីបន្ត។ វាខុសពីមាត្រា៥ ដែលមានកាតព្វកិច្ចប្លុក ក្នុងការការពារសមាជិក ដែលរងការវាយប្រហារពីខាងក្រៅ។

អ្នកនាំពាក្យរដ្ឋាភិបាលប៉ូឡូញ លោក Piotr Mueller បានអំពាវនាវដល់សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយ “កុំផ្សាយព័ត៌មានដែលមិនបានបញ្ជាក់” ហើយបាននិយាយថា លោកនឹងមិនឆ្លើយសំណួរណាមួយបន្ថែមទៀត អំពីឧបទ្ទវហេតុនេះទេ រហូតដល់មានការជូនដំណឹងបន្ថែម។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា សមាជិកទាំង ៣០របស់ប្លុកនេះ “កំពុងពិគ្រោះយោបល់” អំពីឧប្បត្តិហេតុនៅក្នុងប្រទេសប៉ូឡូញ ហើយការពិតទាំងអស់ចាំបាច់ត្រូវបង្កើតឡើង៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top