ម៉ូស្គូ៖ លោក Yury Borisov អគ្គនាយកនៃសាជីវកម្មអវកាសរដ្ឋ Roscosmos បានឲ្យដឹងថា ប្រទេសរុស្ស៊ី គួរតែបង្កើនចំនួនផ្កាយរណប នៅក្នុងគន្លងពីប្រហែល ២០០គ្រឿង ឥឡូវនេះទៅយ៉ាងហោចណាស់ ១០០០គ្រឿងនៅឆ្នាំ២០៣០។
លោក Borisov បានឲ្យដឹងនៅក្នុងព្រឹត្តិការណ៍មួយ ស្តីពីការរុករកអវកាសថា ដើម្បីសម្រេចបាននូវកំណើនបែបនេះ វាចាំបាច់ក្នុងការផលិតផ្កាយរណប ចំនួន ២៥០ គ្រឿងក្នុងមួយឆ្នាំ ហើយបន្ទាប់មកផ្កាយរណបពី ៣០០ ទៅ ៣៥០ គ្រឿងក្នុងមួយឆ្នាំ នៅឆ្នាំ២០៣០ ដោយគិតគូរពីការជំនួសបន្តិចម្តងៗ នៃវត្ថុដែលលែងប្រើ។
លោកបានកត់សម្គាល់ថា ផ្កាយរណបចំនួន ១០០០គ្រឿង នៅក្នុងគន្លងគួរតែបម្រើ សម្រាប់គោលបំណងផ្សេងៗ រួមទាំងការទំនាក់ទំនង ការដឹងពីចម្ងាយនៃផែនដី ឧតុនិយម និងការរុករក។
យោងតាមលោក Borisov ដែលបានឲ្យដឹងកាលពីខែកក្កដា ឆ្នាំមុនថា រុស្ស៊ីនឹងដកខ្លួនចេញពីស្ថានីយ៍អវកាសអន្តរជាតិ បន្ទាប់ពីឆ្នាំ២០២៤ ប៉ុន្តែក្រោយមកបានពន្យារពេល ដល់ឆ្នាំ២០២៨៕ ប្រែសម្រួល ឈូក បូរ៉ា