បច្ចេកវិទ្យា

ប្រាក់ចំណូល របស់ក្រុមហ៊ុនផលិត iPhoneបានធ្លាក់ចុះ ដោយសារតម្រូវការធ្លាក់ចុះ

អាមេរិក ៖ ក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំបំផុតរបស់ Apple Foxconn បានប្រាប់ឲ្យដឹងថា ប្រាក់ចំណូលរបស់ខ្លួន កាលពីខែមុនបានធ្លាក់ចុះ ១១.៦៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ដោយសារតម្រូវការអេឡិចត្រូនិក ចុះខ្សោយយ៉ាងខ្លាំង នៅទូទាំងពិភពលោក នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ MSN ។

ទោះជាយ៉ាងណាក៏ដោយ ប្រាក់ចំណូលក្នុងខែកុម្ភៈមានច្រើនជាង ១៣ ពាន់លានដុល្លារ ដែលជាតួលេខខ្ពស់បំផុតទី២ នៅលើកំណត់ត្រាសម្រាប់ខែ។ Foxconn បានបន្ថែមថា ប្រតិបត្តិការនៅរោងចក្រ iPhone ដ៏ធំបំផុតរបស់ពិភពលោក នៅទីក្រុង Zhengzhou របស់ប្រទេសចិនកំពុង ជាសះស្បើយពីការរំខាន របស់មេរោគ Covid ។

កាលពីចុងសប្តាហ៍ ក្រុមហ៊ុនបាននិយាយថា ខ្លួនកំពុងស្វែងរក ឱកាសការងារនៅប្រទេសឥណ្ឌា។ Foxconn បាននិយាយក្នុងសេចក្តីថ្លែង ការណ៍មួយ កាលពីថ្ងៃអាទិត្យថា ប្រាក់ចំណូលពីកុំព្យូទ័រ គ្រឿងអេឡិចត្រូនិកឆ្លាតវៃ ផលិតផល Cloud និងបណ្តាញបានធ្លាក់ចុះនាខែកុម្ភៈធៀបនឹងឆ្នាំមុន ដោយសារតែការទាញចូល របស់អតិថិជនអភិរក្ស ។

ក្រុមហ៊ុនបានបន្ថែមថា ផ្អែកលើលទ្ធផល នៃប្រាក់ចំណូលក្នុងរយៈពេល១ខែដំបូង ទស្សនវិស័យសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៣ គឺប្រហាក់ប្រហែលនឹង ការរំពឹងទុករបស់ទីផ្សារ ។ កាលពីខែវិច្ឆិកា ក្រុមហ៊ុន Apple បានព្រមានថា ការនាំចេញ iPhone 14 ថ្មីរបស់ខ្លួននឹងត្រូវពន្យារពេល បន្ទាប់ពីមន្ត្រីចិនបានចាក់សោរសង្កាត់មួយក្នុងទីក្រុង Zhengzhou ជាកន្លែងរោងចក្រធំរបស់ Foxconn ។

២ សប្តាហ៍ក្រោយមក ការតវ៉ាបានផ្ទុះឡើង នៅរោងចក្រដែលបានរំខានដល់ការផលិត ខណៈកម្មកររាប់ពាន់នាក់បានចាក ចេញពីខ្សែសង្វាក់ផលិតកម្ម។ កាលពីខែមុន Foxconn បាននិយាយថា ប្រាក់ចំណូលរបស់ខ្លួន កាលខែមករាបានកើនឡើង ៤៨.២ភាគរយធៀបនឹងឆ្នាំមុនឈាន ដល់កម្រិតខ្ពស់បំផុត ខណៈផលិតកម្មនៅទីក្រុង Zhengzhou បានត្រឡប់ទៅកម្រិត មុនការរាតត្បាត ៕

Most Popular

To Top