បរទេស៖ លោក Yevgeny Prigozhin ប្រធានក្រុមហ៊ុន Wagner Group ដែលជាក្រុមហ៊ុន ទាហានស៊ីឈ្នួលបានអះអាងថា កូនប្រុសម្នាក់របស់អ្នកនាំពាក្យវិមានក្រឹមឡាំងគឺ លោក Dmitry Peskov បានបម្រើការនៅក្នុងក្រុមហ៊ុនឯកជនយោធារុស្ស៊ី មួយនេះ។
ថៅកែ PMC បានបញ្ចេញឱ្យដឹងបែបនេះ នៅក្នុងបទសម្ភាសន៍ជួរមុខ ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Prigozhin ថា “មនុស្សម្នាក់ដែលខ្ញុំស្គាល់គឺ [អ្នកនាំពាក្យវិមានក្រឹមឡាំង] លោក Dmitry Peskov ដែលនៅពេលមួយធ្លាប់ត្រូវបាន គេចាត់ទុកថាជាអ្នកសេរីពេញលេញ” ។
លោកថា “កូនប្រុសរបស់គាត់បានរស់នៅក្នុង ផ្នែកមួយនៃជីវិតរបស់គាត់នៅអាមេរិក ប្រសិនបើខ្ញុំមិនច្រឡំ ឬនៅប្រទេសអង់គ្លេស … លោក Peskov បានមករកខ្ញុំ ហើយនិយាយថា ‘យកគាត់ឱ្យធ្វើជាអ្នកកាន់កាំភ្លើងធំធម្មតា’ ។ និយាយអីញ្ចឹង គាត់បានធ្វើការយ៉ាងល្អ ក្នុងនាមជាអ្នកបាញ់កាំភ្លើងធម្មតា ជង្គង់កប់ក្នុងភក់ជ្រៅ នៅលើ Uragan” គាត់បាននិយាយបន្ថែមដោយ សំដៅទៅលើប្រព័ន្ធបាញ់កាំជ្រួចពហុគ្រាប់រ៉ុក្កែត ២២០ មីលីម៉ែត្ររបស់រុស្ស៊ី BM-27 Uragan ។
លោក Prigozhin មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ ទាំងមិនបានបញ្ជាក់ពីជម្លោះណាមួយដែលកូនប្រុសរបស់ Peskov បានចូលរួម ឬសូម្បីតែដាក់ឈ្មោះគាត់ឱ្យច្បាស់លាស់។ រហូតមកដល់ពេលនេះលោក Dmitry Peskov មិនបានធ្វើការកត់សម្គាល់ជាសាធារណៈ ណាមួយទៅលើការអះអាងរបស់លោក Prigozhin នោះទេ៕ប្រែសម្រួលៈ ណៃ តុលា