ព័ត៌មានអន្តរជាតិ

អាមេរិក ប្តេជ្ញាថា ណាតូ នឹងការពារប៉ូឡូញ ប្រសិនមានការវាយប្រហារពីទាហានស៊ីឈ្នួល Wagner

រូបភាពពី៖​ AFP

បរទេស៖ ទីក្រុងវ៉ាស៊ីនតោន នឹងការពារប្រទេសប៉ូឡូញ ក្នុងករណីមានការវាយប្រហារពីបរទេស អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទដោយធ្វើអត្ថាធិប្បាយលើពាក្យចចាមអារ៉ាមថា អ្នកប្រយុទ្ធមកពីក្រុមហ៊ុនយោធាឯកជន Wagner ដែលបច្ចុប្បន្នឈរជើងនៅក្នុងប្រទេសបេឡារុស្ស ចង់ “ចូលទៅ” នៅក្នុងរដ្ឋជិតខាងគឺប៉ូឡូញ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងអំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក Miller ត្រូវបានសួរអំពីសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko ដែលបានអះអាងថា សមាជិកទាហានស៊ីឈ្នួល Wagner មានបំណងចង់ដាក់ទណ្ឌកម្មជាមួយអ្នកដែលផ្តល់អាវុធដល់អ៊ុយក្រែន ហើយបានស្នើថា ទាហានទាំងនោះអាច “ធ្វើដំណើរទៅកាន់ទីក្រុង Warsaw” ។

លោក Miller បាននិយាយថា “ខ្ញុំមិនដឹងថាតើអ្នកគួរដឹងច្រើនប៉ុណ្ណានោះទេ”ដោយខ្ញុំគ្រាន់តែបញ្ជាក់ឡើងវិញថា សម្ព័ន្ធភាពរបស់យើងជាមួយប៉ូឡូញគឺរឹងមាំ។ ប៉ូឡូញជាសមាជិកណាតូជាការពិត ហើយយើងនឹងការពារគ្រប់អ៊ីញនៃទឹកដីណាតូ បើចាំបាច់»។

សូមជម្រាបថា អ្នកប្រយុទ្ធ Wagner ជាច្រើនពាន់នាក់បានផ្លាស់ប្តូរទីតាំងទៅកាន់ប្រទេសបេឡារុស្ស ក្នុងរយៈពេលមួយខែកន្លងមកនេះ បន្ទាប់ពីមានការបះបោរបរាជ័យរបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ី ដែលបានបញ្ចប់ដោយការសម្របសម្រួលរបស់លោក Lukashenko ។

មេដឹកនាំប្រទេសបេឡារុស្ស ដែលបានទៅបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ កាលពីចុងសប្តាហ៍ បានប្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថា គាត់មានការព្រួយបារម្ភចំពោះបំណងប្រាថ្នាជាក់ស្តែងរបស់សមាជិក Wagner ទាំងនោះ ក្នុងការឆ្លងកាត់ទៅកាន់ប្រទេសប៉ូឡូញ។

លោក Lukashenko បានលើកឡើងជាពិសេសអំពីទីក្រុង Rzeszow ដែលជាមជ្ឈមណ្ឌលសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ណាតូដើម្បីផ្គត់ផ្គង់ដល់អ៊ុយក្រែននូវអាវុធ គ្រាប់រំសេវ ឧបករណ៍ និងការជួសជុល៕ ប្រែសម្រួលៈ ណៃ តុលា

រូបភាពពី៖​ AFP

Most Popular

To Top