បច្ចេកវិទ្យា

មនុស្សយន្ត សម្លាប់កម្មករម្នាក់ នៅក្នុងរោងចក្រកសិកម្មមួយ នៅក្នុងប្រទេសកូរ៉េខាងត្បូង

ASIA NEWS NETWORK

បរទេស៖ សារព័ត៌មានកូរ៉េខាងត្បូងបានរាយការណ៍ថា កម្មករម្នាក់ត្រូវបានសម្លាប់ដោយមនុស្សយន្តលើកប្រអប់នៅមជ្ឈមណ្ឌលចែកចាយកសិកម្មមួយ ដែលមានទីតាំងនៅខេត្ត South Gyeongsang ក្នុងប្រទេស កូរ៉េខាងត្បូង

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងនៅបរិវេណរោងចក្រនេះ កាលពីល្ងាចថ្ងៃអង្គារ នៅពេលដែលជនរងគ្រោះដែលជាបុគ្គលិកនៃក្រុមហ៊ុនមនុស្សយន្ត អាយុ ៤០ឆ្នាំ ដែលកំពុងធ្វើការពិនិត្យនៅក្នុងឧស្សាហកម្មមនុស្សយន្តដែលបានដំឡើងនៅក្នុងរោងចក្រនោះ បានព្យាយាមត្រួតពិនិត្យប្រតិបត្តិការឧបករណ៍ចាប់សញ្ញានៃមនុស្សយន្តលើកអីវ៉ាន់។

ទោះជាយ៉ាងណាក៏ដោយ ម៉ាស៊ីនបានកំណត់អត្តសញ្ញាណបុរសនោះដោយច្រឡំថាជាប្រអប់ម្ទេស ដោយលើកគាត់ឡើងលើ ហើយរអិលគាត់ចូលទៅក្នុងខ្សែក្រវ៉ាត់ទម្លាក់អីវ៉ាន់។

ក្រោយពីកម្មកររូបនោះ បានរួចផុតពីការប៉ះទង្គិចម៉ាស៊ីនហើយ គាត់ក៏បានស្លាប់នៅពេលទៅដល់នៅមន្ទីរពេទ្យ ដោយរងរបួសធ្ងន់ត្រង់ក្បាល និងទ្រូង។ ប៉ូលីសបានសន្យាថានឹងបើកការស៊ើបអង្កេតដើម្បីកំណត់ពីមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ និងដើម្បីស៊ើបអង្កេតអ្នកគ្រប់គ្រងទីតាំងសម្រាប់ការធ្វេសប្រហែសដែលអាចកើតមាន។

ប្រតិបត្តិករនៃមជ្ឈមណ្ឌលចែកចាយ Donggoseong Export Agricultural Complex បានសន្យាថា នឹងវាយតម្លៃឧបទ្ទវហេតុនេះផងដែរ ដោយអំពាវនាវឱ្យបង្កើតប្រព័ន្ធ “ច្បាស់លាស់ និងសុវត្ថិភាព” ដើម្បីរក្សាមនុស្សយន្តនៅក្នុងការត្រួតពិនិត្យ។ ឈ្មោះរបស់ក្រុមហ៊ុនមនុស្សយន្តដែលជួលកម្មករដែលបានស្លាប់នោះ មិនត្រូវបានបញ្ចេញឱ្យដឹងទេ ហើយក៏មិនបានធ្វើអត្ថាធិប្បាយជាសាធារណៈលើបញ្ហានេះដែរ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top