ព័ត៌មានអន្តរជាតិ

ហ្វាំងឡង់ បញ្ជូនយោធា ទៅកាន់ព្រំដែន ជាមួយនឹងប្រទេសរុស្សី

ប្រភព ៖AFP

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់កាសែតរុស្សី RT បានឲ្យដឹងថា ប្រទេសហ្វាំងឡង់ បានសម្រេចចិត្តក្នុងការដាក់ពង្រាយយោធា របស់ខ្លួនជាច្រើន ទៅកាន់តំបន់ព្រំដែន ជាមួយនឹងប្រទេសរុស្សី ។

ប្រភពដដែលបានឲ្យដឹងទៀតថា កងទ័ពត្រូវបានបញ្ជូន ទៅកាន់ប៉ុស្តិ៍ត្រួតពិនិត្យ ដែលជាកន្លែងមួយក្នុង ចំណោមបួនដែលនៅសេសសល់ បន្ទាប់ពីការសម្រេចចិត្តរបស់រដ្ឋាភិបាលទីក្រុង Helsinki ក្នុងការបិទច្រកឆ្លងកាត់ភាគខាងត្បូង ចំពេលមានការចោទប្រកាន់ថា រុស្ស៊ីកំពុងបង្កក ជនចំណាកស្រុក និងអ្នកស្វែងរកសិទ្ធិជ្រកកោន ពីប្រទេសទីបី ទៅកាន់ព្រំដែនហ្វាំងឡង់។

នាយកស្ថានីយ៍ព្រំដែនលោក Juoki Kinnunen បានបញ្ជាក់ ទៅកាន់ទូរទស្សន៍ហ្វាំងឡង់ Yle ថា យោធាកំពុងដំឡើងរបាំងសន្តិសុខ បណ្តោះអាសន្ននៅប៉ុស្តិ៍ ត្រួតពិនិត្យផងនៅទីនោះ ។

គួរឲ្យដឹងដែរថា កាលពីថ្ងៃសៅរ៍ ប្រទេសហ្វាំងឡង់បានបិទច្រកចូល Vaalimaa, Nuijamaa, Imatra និង Niirala នៅភាគអាគ្នេយ៍របស់ប្រទេស ដោយលើកឡើងពីតម្រូវការ ដើម្បីការពារលំហូរចូល នៃអ្នកស្វែងរកសិទ្ធិជ្រកកោន ។ អាជ្ញាធរក៏បានរាយការណ៍ ពីការកើនឡើង នៃការឆ្លងដែនខុសច្បាប់ ដោយជនចំណាកស្រុកមក ពីប្រទេសស៊ីរី យេម៉ែន និងអ៊ីរ៉ាក់ផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top