ព័ត៌មានអន្តរជាតិ

គណៈកម្មាធិការ រៀបចំការបោះឆ្នោតថៃ នឹងស្នើដល់តុលាការ ឲ្យរំលាយគណបក្ស ប្រឆាំង Move Forward Party

AFP

បាងកក៖ នៅថ្ងៃអង្គារនេះ គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ បានឲ្យដឹងថា ខ្លួននឹងស្នើឱ្យតុលាការ រំលាយគណបក្សប្រឆាំង Move Forward Party ជុំវិញការព្រួយបារម្ភថា យុទ្ធនាការ របស់គណបក្សនេះ គឺធ្វើឡើង ដើម្បីផ្លាស់ប្តូរច្បាប់ប្រឆាំង នឹងការប្រមាថ ព្រះមហាក្សត្រ និងធ្វើឱ្យប៉ះពាល់ដល់ ប្រព័ន្ធអភិបាលកិច្ច របស់ប្រទេសផងដែរ ។

ចំពោះការសម្រេចចិត្ត របស់គណៈកម្មការ បានអនុវត្តតាមសេចក្តី សម្រេចរបស់តុលាការធម្មនុញ្ញ កាលពីខែមករា ដែលបានឲ្យដឹងថា គណបក្ស Move Forward Party ដែលបានឈ្នះការបោះឆ្នោតសកល កាលពីឆ្នាំមុន បានបំពានរដ្ឋធម្មនុញ្ញ ជាមួយនឹងផែនការរបស់ខ្លួន ក្នុងការផ្លាស់ប្តូរច្បាប់ ស្តីពីការប្រមាថព្រះមហាក្សត្រ ។

យោងតាមសេចក្តីសម្រេច របស់តុលាការបានរកឃើញថា សេចក្តីស្នើវិសោធនកម្ម មាត្រា១១២ នៃក្រមព្រហ្មទណ្ឌរបស់គណបក្សនេះ គឺជាការប៉ុនប៉ងដើម្បីបំផ្លាញ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ របស់ប្រទេសថៃឡង់ដ៏ ។

គណៈកម្មាធិការរៀបចំការបោះឆ្នោត បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃអង្គារថា “មានភស្តុតាងដែលថា គណបក្ស Move Forward Party ធ្វើឱ្យខូចប្រព័ន្ធប្រជាធិបតេយ្យ ដែលមានព្រះមហាក្សត្រជាប្រមុខ” ។

នៅក្នុងសេចក្តីថ្លែងការណ៍បានដាក់ថា “គណៈកម្មការរៀបចំការបោះឆ្នោត បានពិចារណា និងវិភាគសាលក្រមរបស់តុលាការធម្មនុញ្ញ ហើយបានសម្រេចជាឯកច្ឆ័ន្ទ ដើម្បីសុំឱ្យតុលាការធម្មនុញ្ញ រំលាយគណបក្សនេះចោល” ។

របៀបវារៈវឌ្ឍនភាពរបស់ គណបក្ស Move Forward បានធ្វើឲ្យមានការភ្ញាក់ផ្អើលក្នុងចំណោម អ្នកបោះឆ្នោតវ័យក្មេង និងទីក្រុងដែលមានមនុស្ស រាប់លាននាក់ ហើយគណបក្សនេះបានទទួលជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើល លើគណបក្សដែលគាំទ្រ ដោយយោធាកាលពីឆ្នាំមុន ។

ប៉ុន្តែផែនការរបស់ខ្លួន ក្នុងការផ្លាស់ប្តូរច្បាប់ប្រមាថ ព្រះមហាក្សត្រ បានធ្វើឱ្យសមាជិកសភា អភិរក្សនិយមមានសម្ព័ន្ធភាព ជាមួយយោធារាជានិយម ដែលបានវាយលុកការប៉ុនប៉ង របស់គណបក្ស ដើម្បីបង្កើតរដ្ឋាភិបាលថ្មី ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top