កីឡា

លោក ណយ ផាណា ៖ ក្រុមអត្តពលិក កីឡាកាយសម្ព័ន្ធ បន្តការប្រមូលផ្តុំ ហ្វឹកហាត់រហូត ទោះបី បញ្ចប់កីឡា SEA GAME 2023 ក៏ដោយ

ភ្នំពេញ ៖ លោក ណយ ផាណា អគ្គលេខាធិការ សហព័ន្ធនៃសហព័ន្ធកីឡាកាយ សម្ព័ន្ធកម្ពុជាបានមានប្រសាសន៍ថា ក្រោយពីបញ្ចប់ការប្រកួតកីឡា SEA GAME 2023 សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាយើង នៅតែបន្តការប្រមូលផ្តុំហ្វឹកហាត់ដដែល ដោយសារប្រភេទកីឡាជំនាញ គ្មានការរំសាយឡើយ ទោះបីក្រសួងអប់រំ យុវជន និងកីឡាមានការ រំសាយក៏ដោយ ក៏យើងនៅហ្វឹកហាត់ជារៀងរហូត ។

លោក ណយ ផាណាបានបន្តថា ប្រភេទកីឡាកាយសម្ព័ន្ធ ប្រសិនបើគ្មានការហ្វឹកហាត់ ១ ឬ២សប្តាហ៍នឹងធ្វើឲ្យកីឡាករ-កីឡាការិនីមានបញ្ហា ដូច្នេះយើងបន្តហ្វឹកហាត់តាមផែនការយុទ្ធសាស្ត្រជាក់លាក់ដាក់ចេញដោយ លោកបណ្ឌិតទេសរដ្ឋមន្រ្តី ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងលោកឧញ៉ា សុខ ហុង អនុប្រធានឲ្យបន្ត ហ្វឹកហាត់ ពីព្រោះក្រោយបញ្ចប់ការ ប្រកួតកីឡា SEA GAME 2023នៅកម្ពុជា យើងបន្តចូលរួមការ ប្រកួតកីឡាកាយសម្ព័ន្ធ ជ្រើសរើសជើងឯកអាស៊ី ២០២៣ លើកទី២០ នៅប្រទេសម៉ុងហ្គាលីទៀត ។

យើងក៏បន្តហ្វឹកហាត់ រហូតមកដល់បច្ចុប្បន្ននេះ អត់មានការរំសាយឡើយ ហើយសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាអាហារ ៣ ព្រឹកសម្រាប់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី កាយសម្ព័ន្ធ និងការរៀនសូត្រ ក្នុងនោះប្រភេទកាយសម្ព័ន្ធ កំពុងធ្វើដំណើរឆ្នោះទៅកាន់ព្រឹត្តិការណ៍ ការប្រកួតកីឡា យុវជនអាស៊ីលើកទី៥ ឆ្នាំ២០២៩ ដែលប្រទេសកម្ពុជា ធ្វើម្ចាស់ផ្ទះការប្រកួតជាផ្លូវការ ។

លោកអគ្គលេខាធិការសហព័ន្ធបន្ថែមថា ការរៀបចំផែនការសម្រាប់កីឡាករ-កីឡាការិនីមិនមែន ២ឬ៣ឆ្នាំឡើយ គឺអាចពី ៦ ទៅ ៨ ឆ្នាំយ៉ាងតិច ធ្វើឲ្យយ៉ាងមិច នៅឆ្នាំ២០២៩ កីឡាករ-កីឡាការិនីកាយសម្ព័ន្ធមានអាយុក្រោម ១៧ ឆ្នាំ មានន័យថា ១៥ ១៦ និង១៧ ឆ្នាំចំពោះប្រភេទកីឡាកាយសម្ព័ន្ធ ចំណែកប្រភេទ កីឡាផ្សេងលោកមិនដឹងឡើយ។ ដើម្បីស្វែងរកគុណល្អ និងលទ្ធផលល្អជូនប្រទេសកម្ពុជានៅឆ្នាំ២០២៩នោះ យើងបានត្រៀម ក្រុមកីឡាក-កីឡាការិនីរបស់លោកឲ្យទៅដល់ឆ្នាំ២០២៩ គ្រប់អាយុដែលត្រូវបានកំណត់ ។

លោកបានរៀបចំផែនការ រយៈពេលវែងឲ្យសមស្រប តាមលក្ខខណ្ឌ របស់សហព័ន្ធកីឡាកាយសម្ព័ន្ធអន្តរជាតិមានន័យថា ក្នុងដំណាក់កាលទី១ យើងនិយាយពីការអភិឌ្ឍនកម្រិតជាតិ ទើបឈានចូលក្នុងការរៀបចំ តាមដំណាក់កាល ហើយនៅពេលអាយុក្រុមកីឡាក-កីឡាការិនីឈានចូល ១២ដល់១៤ ឆ្នាំ ត្រៀមកាន់តែប្រសើរឡើង មានន័យថា ស្ថិតក្នុងមូលដ្ឋានគ្រឹះរបស់ក្រុមកីឡាក-កីឡាការិនី យើងត្រូវការចំណាយពេល ៣ ទៅ៤ ឆ្នាំ។
ចូលដល់ដំណាក់ កាលទី២ គឺរៀបចំ យើងត្រូវចំណាយពេល ៣ ឆ្នាំទៀត ដើម្បីឲ្យកាយសម្បទា ក្រុមកីឡាក-កីឡាការិនី នូវអ្វីដែលជាតម្រូវការ សម្រាប់កីឡាកាយសម្ព័ន្ធ ដូច្នេះត្រូវរៀបចំដងខ្លួន កាយសម្បទាសព្វបែបយ៉ាងលើកដងខ្លួន របស់ក្រុមកីឡាក-កីឡាការិនីធ្វើយ៉ាងណាឲ្យសមតាមលក្ខខណ្ឌ និងលំហាត់បច្ចេកទេសរបស់កីឡាកាយសម្ព័ន្ធ ។

ដំណាក់កាលទី៣ ឆ្ពោះទៅរកកីឡាកម្រិតខ្ពស់មានអាយុចាប់ពី ១៥ ដល់ ១៧ ឬ១៨ ឆ្នាំ ចំណុចជាចំណុចសំខាន់បំផុតសម្រាប់ប្រភេទកីឡាកាយសម្ព័ន្ធ ដោយសារអាយុពី១៤ រហូតដល់១៧ឆ្នាំនេះរាងកាយ របស់ក្រុមកីឡាក-កីឡាការិនីមានការលូតលាស់ខ្លាំង ហើយចំណុចជាចំណុចល្អ របស់ក្រុមកីឡាក-កីឡាការិនីឆាប់ចាប់ជំនាញបច្ចេកទេស ៕

Most Popular

To Top