បរទេស៖ក្នុងចំណោមជនផ្តាច់ខ្លួន កូរ៉េខាងជើងដ៏ល្បីល្បាញ លោក Thae Yong-ho បានមានប្រសាសន៍ នៅថ្ងៃពុធនេះថា ការផ្សព្វផ្សាយរបស់ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ចំពោះលោក គីម ជុងអ៊ុន ដែលជាហេតុនាំឲ្យមាន ជំនួបកំពូលក្នុងប្រទេសសិង្ហបុរី គឺជាកំហុសឆ្គងទាំងស្រុង។
លោក Thae Yong-ho ដែលធ្លាប់បម្រើការជា ឯកអគ្គរដ្ឋទូតរងកូរ៉េខាងជើងប្រចាំនៅប្រទេសអង់គ្លេស មុនពេលរត់គេចខ្លួនក្នុងឆ្នាំ២០១៦ បានហៅកិច្ចព្រមព្រៀងដែលចុះហត្ថលេខាដោយលោក ត្រាំ និងលោក គីម ជុងអ៊ុន នៅក្នុងជំនួបកំពូលនាប្រទេសសិង្ហបុរី កាលពីខែមិថុនា ឆ្នាំ២០១៨ គឺជាមហន្តរាយការទូតដ៏អាក្រក់បំផុត ដែលលោកបានឃើញ នៅក្នុងគោលនយោបាយបរទេសរបស់សហរដ្ឋអាមេរិក។
យោងតាមសេចក្តីរាយការណ៍ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា លោកបានធ្វើសេចក្តីថ្លែងការណ៍ បែបនេះ នៅក្នុងសន្និសីទកាសែតមួយ ប្រាប់អ្នកសារព័ត៌មាន នៅរសៀលថ្ងៃពុធនេះ ក្នុងទីក្រុងសេអ៊ូល៕