កីឡា

លោកស្រីបណ្ឌិត គឹម សេដ្ឋានី ដឹកនាំកិច្ចប្រជុំ ពិធីបើក-បិទ ការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦

ភ្នំពេញ៖លោកស្រីបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបើក-បិទ ការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដោយពិធីបើកជាផ្លូវការគ្រោងធ្វើឡើងនាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលមានមហាជនចូលរួមគាំទ្រ ប្រមាណ ៣ម៉ឺនាក់។

លោកស្រីបណ្ឌិតបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ គឺធ្វើឡើងក្រោមបុព្វបទ «កីឡាជាតិដើម្បីឯកភាពជាតិ» ដោយមានអត្ថន័យទូលំទូលាយ ដូច្នេះស្មារតី ឆន្ទៈ សកម្មភាពរបស់អ្នកចូលរួមគាំទ្របង្ហាពីការចូលរួមសាមគ្គីភាពជាតិ ដែលជឿជាក់ទៅលើរាជរដ្ឋាភិបាល។ ដូច្នេះការមកចូលរួមអបអរសាទរក្នុងព្រឹត្តិការណ៍កីឡាជាតិ ជាពិសេសបង្ហាញការគោរពចំពោះសម្តេចធិបតីពេលមានប្រសាសន៍ ដោយលោកជំទាវបណ្ឌិតបានស្នើសុំឱ្យលោកគ្រូ អ្នកគ្រូ ជនបង្គោលទាំងអស់ផ្តាំផ្ញើទៅដល់សិស្ស និស្សិតរបស់ខ្លួនឱ្យរក្សាបាននូវសណ្តាប់ធ្នាប់ សេចក្តីថ្លៃថ្នូររបស់ជាតិ ពីព្រោះព្រឹត្តិការណ៍នេះនឹងផ្សាយផ្ទាល់ទៅកាន់ពិភពលោក។

កិច្ចប្រជុំនេះមានសារសំខាន់ក្នុងការប្រមូលផ្តុំធាតុចូល និងកំណត់ទិសដៅការងាររួម ដើម្បីពិនិត្យវឌ្ឍនភាពការងារ ពិភាក្សាលើផែនការសកម្មភាព និងជំរុញការសម្របសម្រួលរវាងអង្គភាពពាក់ព័ន្ធ សំដៅធានាឱ្យដំណើរការរៀបចំពិធីបើក-បិទនៃព្រឹត្តិការណ៍កីឡាជាតិប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់ សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ទាំងផ្នែកកម្មវិធីពិធីការ ការរៀបចំទីតាំង ការទទួលបដិសណ្ឋារកិច្ច ការរៀបចំកន្លែងអង្គុយសម្រាប់ថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយស ការសម្របសម្រួលលំហូរចូល-ចេញ ព្រមទាំងការត្រៀមលក្ខណៈបច្ចេកទេស និងគាំទ្រចាំបាច់នានា ស្របតាមកម្មវិធីដែលបានគ្រោងទុក។

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានធ្វើបទបង្ហាញជូនអង្គពិធីថា ការប្រកួតកីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ គ្រោងនឹងដំណើរការប្រកួតជាផ្លូវការពីថ្ងៃទី០៥-១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅភ្នំពេញ ដែលប្រមូលផ្តុំដោយប្រភេទកីឡាភាគច្រើនជិត ៣០កីឡា ខេត្តកំពង់ឆ្នាំង (ប្រណាំងក់ង) ខេត្តស្វាយរៀង (ប្រណាំងទូក) និងខេត្តកែប (កីឡាទ្រីយ៉ាត្លុង)។ កីឡាជាតិ មាន៣២ប្រភេទកីឡា សរុប ២៥៨វិញ្ញាសា និងកីឡាជាតិជនពិការមាន១០ប្រភេទកីឡាជនពិការ ស្មើនឹង ៤៦វិញ្ញាសា សរុប ៣០៤វិញ្ញាសា។ ព្រឹត្តិការណ៍ដ៏ធំរៀងរាល់២ឆ្នាំម្តង នៅឆ្នាំ២០២៦នេះទទួលបានការចុះឈ្មោះចូលរួមពី២៥ រាជធានី-ខេត្ត ក្រសួង៣ ដោយមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ប្រមាណ ៤៤៨៤នាក់ និងប្រតិភូកីឡាជនពិការ ២៨៩នាក់ សរុប ៤៧៧៣នាក់។

លោក ហួត សេងទ្រី បន្ថែមថា ចំពោះពិធីបើកជាផ្លូវការគ្រោងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ វេលាម៉ោង ១៨:០០ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ចំពោះពិធីបិទជាផ្លូវការនឹងធ្វើឡើងនៅវេលាម៉ោង ១៨:០០ ថ្ងៃទី១៣ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតីនាយករដ្ឋមន្ត្រី៕
ដោយ៖លី ភីលីព

Most Popular

To Top