វ៉ាស៊ីនតោន ៖ លោក Andy Jassy នាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន Amazon បានបញ្ជាក់កាលពីថ្ងៃសុក្រ ទី២៣ ខែតុលា ថា សមត្ថភាពផ្គត់ផ្គង់ប្រព័ន្ធផ្ទុកទិន្នន័យ (Cloud Computing) របស់ Amazon Web Services (AWS) ត្រូវបានអតិថិជនជាវស្ទើរតែទាំងស្រុងរហូតដល់ឆ្នាំ២០២៧ ខណៈការបញ្ជាទិញដ៏ច្រើនសន្ធឹកសន្ធាប់មួយចំនួនទៀតបានបន្តអូសបន្លាយដល់ឆ្នាំ២០២៨ ដោយសារតែកំណើនតម្រូវការហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦។
ថ្លែងនៅក្នុងវីដេអូផតខាស (Podcast) ជាមួយសហស្ថាបនិកក្រុមហ៊ុន Andreessen Horowitz លោក Ben Horowitz និងដៃគូទូទៅលោក Erik Torenberg លោក Jassy បានលើកឡើងថា Amazon កំពុងប្រឹងប្រែងយ៉ាងខ្លាំងដើម្បីឆ្លើយតបឱ្យទាន់នឹងតម្រូវការដ៏ខ្ពស់មិនធ្លាប់មាន ពីសំណាក់មន្ទីរពិសោធន៍ AI និងសហគ្រាសធំៗនានា។
ទាក់ទិននឹងការវិនិយោគ និងការផ្គត់ផ្គង់នេះ លោក Jassy បានគូសបញ្ជាក់ចំណុចសំខាន់ៗនៃកំណើនការវិនិយោគ។ កាលពីដើមឆ្នាំនេះ Amazon បានប្រកាសថានឹងចំណាយថវិកាវិនិយោគ (Capital Expenditure) ប្រមាណ ២២០ ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦។ លោក Jassy បានសង្កត់ធ្ងន់ថា ក្រុមហ៊ុន «អាចនឹងវិនិយោគថវិកាច្រើនជាងនេះ ហើយវាមិនមែនជាការប្រើប្រាស់ដើមទុនខុសខ្ទង់នោះទេ» ដោយសារតែសមត្ថភាពផ្គត់ផ្គង់ Cloud សម្រាប់ឆ្នាំ២០២៦ ត្រូវបានលក់អស់រួចទៅហើយ។
ស្ថានភាពលក់កក់ទុកមុន៖ លោកបានបញ្ជាក់យ៉ាងច្បាស់ថា៖ «សម្រាប់ឆ្នាំ២០២៧ គឺត្រូវបានលក់អស់ស្ទើរតែទាំងស្រុងទៅហើយ។ យើងតែងតែរក្សាចំណែកខ្លះសម្រាប់បំពេញតម្រូវការប្រើប្រាស់ភ្លាមៗ (On-demand) និងសម្រាប់សេវាកម្ម Bedrock ឬ EC2 របស់យើង ប៉ុន្តែចំណែកធំៗគឺត្រូវបានលក់អស់ហើយ។ សូម្បីតែចំណែកធំមួយសម្រាប់ឆ្នាំ២០២៨ ក៏ត្រូវបានលក់អស់ដែរ»។
គួរដឹងដែរថា EC2 គឺជាសេវាកម្មរបស់ AWS ដែលផ្តល់នូវម៉ាស៊ីនមេ (Cloud Servers) សម្រាប់ដំណើរការកម្មវិធីនានា ចំណែកឯ Bedrock គឺជាសេវាកម្មដែលអនុញ្ញាតឱ្យអតិថិជនអាចចូលប្រើប្រាស់ទម្រង់ AI ដើម្បីបង្កើតកម្មវិធី AI បង្កើតថ្មី (Generative AI Applications)។
យោងតាមកាលវិភាគ ក្រុមហ៊ុន Amazon ត្រូវបានរំពឹងថានឹងប្រកាសរបាយការណ៍លទ្ធផលហិរញ្ញវត្ថុប្រចាំត្រីមាសទី៣ របស់ខ្លួនជាផ្លូវការ នៅថ្ងៃទី២៩ ខែតុលា ខាងមុខនេះ។
ប្រែសម្រួល៖ គីរី
