រ៉ាវ៉េណា (អ៊ីតាលី) ៖ វីរបុរសបាល់ទាត់ប្រេស៊ីលលោក Ronaldinho នឹងវិលត្រឡប់មកប្រកួតប្រជែងក្នុងអាជីពបាល់ទាត់វិញនៅខែក្រោយ ដោយលោកនឹងចូល រួមលេងឱ្យក្លិប Ravenna នៅលីគលំដាប់ទី៣ របស់អ៊ីតាលី (Serie C) ទល់នឹងគូប្រជែងក្នុងតំបន់ គឺក្រុម Forli នៅថ្ងៃទី១៥ ខែវិច្ឆិកា ខាងមុខនេះ។ នេះបើយោងតាមការប្រកាសជាផ្លូវការរបស់ក្លិបកាលពីថ្ងៃសុក្រ ទី២៣ ខែតុលា។
អតីតខ្សែប្រយុទ្ធវ័យ ៤៦ ឆ្នាំរបស់ក្លិប Barcelona និង AC Milan ដែលធ្លាប់ឈ្នះពានរង្វាន់ World Cup ឆ្នាំ២០០២ ជាមួយប្រេស៊ីល និងពានរង្វាន់ Ballon d’Or ឆ្នាំ២០០៥ រូបនេះ បានបង្ហាញខ្លួនក្នុងការប្រកួតអាជីពជាលើកចុងក្រោយឱ្យក្លិបប្រេស៊ីល Fluminense ក្នុងឆ្នាំ២០១៥ មុនពេលលោកប្រកាសចូលនិវត្តន៍ជាផ្លូវការក្នុងឆ្នាំ២០១៨។
ក្លិប Ravenna បានចុះកិច្ចសន្យាជាមួយ Ronaldinho កាលពីខែមិថុនា ហើយក្រោយមកលោកក៏បានទិញភាគហ៊ុនមួយចំនួននៅក្នុងក្លិបនេះ ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងដោយមិត្តភ័ក្តិរបស់លោក គឺលោក Ignazio Cipriani។ ទាក់ទិននឹងការចុះកិច្ចសន្យានេះ លោក Cipriani បានបញ្ជាក់ថា គោលបំណងចម្បងនៃការនាំយកវីរបុរសរូបនេះ គឺ «ដើម្បីទាក់ទាញអ្នកគាំទ្រពេញមួយទីក្រុង ឱ្យកាន់តែមានភាពស្និទ្ធស្នាលជាមួយក្រុម»។
គួររំលឹកផងដែរថា នៅពេលលោកធ្វើដំណើរមកដល់ប្រទេសអ៊ីតាលីក្នុងខែសីហា Ronaldinho មិនទាន់បានបញ្ជាក់ច្បាស់លាស់ពីការចូលលេងលើទីលានវិញនោះទេ ប៉ុន្តែលោកបានបើកចំហពីលទ្ធភាពក្នុងការស្វែងរកគ្រាប់បាល់ទី៣០០ ក្នុងអាជីពរបស់ខ្លួន ដោយធ្លាប់បានថ្លែងថា៖ «ខ្ញុំនៅទីនេះគឺដើម្បីជួយ»។
ការប្រកួត Derby ប្រចាំតំបន់ទល់នឹងក្រុម Forli នឹងប្រព្រឹត្តទៅនៅកីឡដ្ឋាន Stadio Bruno Benelli របស់ក្លិប Ravenna។ បច្ចុប្បន្ន ក្លិប Ravenna កំពុងឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងពូល B នៃក្របខ័ណ្ឌ Serie C ដោយមាន ២០ ពិន្ទុពីការប្រកួត ១០ លើក និងតាមពីក្រោយក្រុមកំពូលតារាង Spezia ចំនួន ៨ ពិន្ទុ។
ប្រែសម្រួល៖ គីរី
