បរទេស៖ ក្លិប Al Nassr បានដណ្ដើមបាន ៣ ពិន្ទុដ៏មានតម្លៃក្រៅដី បន្ទាប់ពីយកឈ្នះលើក្រុមម្ចាស់ផ្ទះ Al-Faisaly ក្នុងលទ្ធផល ៣-១ នៅកីឡដ្ឋាន Majmaah Sports City ដោយពឹងផ្អែកលើប្រសិទ្ធភាពខ្ពស់នៃតំបន់ ប្រយុទ្ធលំដាប់ផ្កាយ ដើម្បីបន្តដាក់សម្ពាធយ៉ាងខ្លាំង លើការប្រជែងតំណែងកំពូលតារាងលីគកំពូលអារ៉ាប៊ីសាអូឌីត នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មាន GOAL នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦។
ក្រុមភ្ញៀវ Al Nassr បានចាប់ផ្តើមការប្រកួតដោយភាពម្ចាស់ការ និងចំណាយពេលត្រឹមតែ ៤ នាទីដំបូងប៉ុណ្ណោះក្នុងការបើកការនាំមុខ នៅពេលដែល Sadio Mane បានបញ្ជូនបាល់យ៉ាងច្បាស់លាស់ឱ្យខ្សែប្រយុទ្ធ Abdullah Al-Hamdan ស៊ុតបញ្ចប់ទីយ៉ាងល្អ។ ក្រោយគ្រាប់បាល់បើកឆាកនេះ Al Nassr បានគ្រប់គ្រងចង្វាក់ប្រកួតយ៉ាងរឹង មាំពេញមួយតង់ទីមួយ ជាមួយនឹងទម្រង់លេងការពារប្រកបដោយវិន័យខ្ពស់ ដើម្បីទប់ទល់នឹងការវាយបក របស់ម្ចាស់ផ្ទះ។
ឈានចូលដល់តង់ទីពីរ នាទីទី ៤៩ ប្រធានក្រុម Cristiano Ronaldo បានបន្ថែមគ្រាប់បាល់នាំមុខ ២-០ ឱ្យក្រុមភ្ញៀវ ក្រោមការបង្កើតឱកាសយ៉ាងឆ្លាតវៃ ពីសំណាក់ខ្សែបម្រើ Joao Felix ។ ទោះជាយ៉ាងណា នៅនាទីទី ៦៦ កីឡាករ Theo Bongonda របស់ Al-Faisaly បានឆ្លៀតឱកាសពីការធ្វេសប្រហែស ក្នុងតំបន់ការពាររបស់ Al Nassr ដើម្បីស៊ុតបាល់តាមពីក្រោយ ១-២ ដែលធ្វើឱ្យស្ថានការណ៍ប្រកួតមានភាពតានតឹងមួយរយៈខ្លី។ ប៉ុន្តែការផ្លាស់ប្តូរកីឡាករ របស់លោកគ្រូបង្វឹកបានផលភ្លាមៗ ដោយកីឡាករបម្រុង Angelo Gabriel បានស៊ុតគ្រាប់បាល់បិទគូទនៅនាទីទី ៧៩ ជួយឱ្យ Al Nassr ធានាបានជ័យជម្នះ ៣-១ ទាំងស្រុង។
ក្រៅពីគ្រាប់បាល់ជ័យជម្នះ ទម្រង់លេងរបស់កីឡាករសំខាន់ៗជាច្រើនបានរួមចំណែកយ៉ាងធំធេង ជាពិសេស Joao Felix ដែលបានបង្ហាញភាពវៃឆ្លាតក្នុងការបញ្ជូនបាល់ និងបង្កើតឱកាស រួមជាមួយខ្សែការពារកណ្តាលជើងចាស់ Inigo Martinez និង Abdulelah Al-Amri ដែលបានពង្រឹងរនាំងការពារយ៉ាងរឹងមាំ ខណៈដែលប្រធានក្រុម Cristiano Ronaldo នៅតែបង្ហាញពីភាពជាអ្នកដឹកនាំ និងជាកម្លាំងចលករដ៏សំខាន់ក្នុងការបង្កើតសម្ពាធលើតំបន់ការពាររបស់គូប្រកួតពេញមួយប្រកួត។
ប្រែសម្រួល៖ គីរី
