កីឡា

PSG បញ្ចប់កំណត់ត្រាឈ្នះ ១០០% នៅ Champions League ក្រោយ Roma តាមស្មើ ២-២ ដោយបាល់ពិន័យ ពីកំហុសប៉ះដៃរបស់ Vitinha

បរទេស៖ កំណត់ត្រាចាប់ផ្តើមយ៉ាងល្អឥតខ្ចោះ របស់ក្រុមការពារតំណែងជើងឯក Paris Saint-Germain ក្នុងពានរង្វាន់ UEFA Champions League ត្រូវបានបញ្ចប់ហើយ ។ ក្រុមភ្ញៀវ Roma បានតាមស្មើក្រុមម្ចាស់ផ្ទះក្នុងលទ្ធផល ២-២ នៅកីឡដ្ឋាន Parc des Princes ដែលធ្វើឱ្យក្រុមរបស់លោក Luis Enrique ឈរនៅចំណាត់ថ្នាក់លេខ ២ ក្នុងវគ្គ League Phase ដោយតាមពីក្រោយក្រុមកំពូលតារាង Real Madrid ចំនួន ២ ពិន្ទុ បន្ទាប់ពីការប្រកួតមួយដែលក្រុមភ្ញៀវរបស់លោក Gian Piero Gasperini បង្កើតឱកាសគ្រោះថ្នាក់បានច្រើនជាង នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី២៦​ ខែវិច្ឆិកា ឆ្នាំ២០២៦។

PSG បានជួបការលំបាកតាំងពីនាទីដំបូងដោយសារការដាក់សម្ពាធពីលើ (High Press) យ៉ាងខ្លាំងក្លារបស់ Roma ហើយក្រុមភ្ញៀវក៏រកបានគ្រាប់បាល់នាំមុខមុននៅត្រឹមនាទីទី ៥ នៅពេលខ្សែការពារកណ្តាល Mario Hermoso ដណ្តើមបាល់បាននៅតំបន់គ្រោះថ្នាក់ រួចស៊ុតបញ្ចូលទីយ៉ាងស្អាតពីការបញ្ជូនត្រឡប់ក្រោយរបស់ Matias Soule។ ទោះបីជា PSG គ្រប់គ្រងបាល់រហូតដល់ ៦៦% ក៏ដោយ ក៏ពួកគេពិបាកក្នុងការទម្លុះភាពរឹងមាំរបស់ក្រុមមកពីអ៊ីតាលី រហូតដល់នាទីទី ៣១ ទើបខ្សែការពារ Illia Zabarnyi តែតបញ្ចូលទីតាមស្មើពីការទាត់បាល់ជ្រុងយ៉ាងល្អរបស់ Senny Mayulu។

ពេញមួយ ៩០ នាទី Roma មានភាពមុតស្រួចជាង ដោយបង្កើតអត្រាគ្រាប់បាល់រំពឹងទុក (xG) ដល់ទៅ ២,៦៩ ទល់នឹង ១,៧៨ របស់ PSG ហើយអ្នកចាំទី Matvey Safonov ត្រូវបង្ហាញភាពរហ័សរហួនដើម្បីសង្គ្រោះបាល់រក្សាលទ្ធផលស្មើនៅដើមវគ្គទីពីរ។ ត្រឹមតែមួយនាទីប៉ុណ្ណោះបន្ទាប់ពីលោក Enrique ធ្វើការផ្លាស់ប្តូរកីឡាករពីររូបព្រមគ្នានៅនាទីទី ៥៩ ខ្សែការពារ Achraf Hakimi បានអូសបាល់ផុត Wesley រហូតទទួលបានបាល់ពិន័យ ១១ ម៉ែត្រ ហើយកីឡាករបម្រុង Ousmane Dembele បានស៊ុតបញ្ចូលទីយ៉ាងត្រជាក់ជួយឱ្យ PSG នាំមុខវិញ។ ប៉ុន្តែក្រោយមក ប្រព័ន្ធ VAR បានផ្តល់បាល់ពិន័យឱ្យក្រុមភ្ញៀវវិញ ដោយសារកំហុសបាល់ប៉ះដៃរបស់ Vitinha ក្នុងតំបន់គ្រោះថ្នាក់ ហើយកីឡាករបម្រុង Donyell Malen បានស៊ុតតាមស្មើ ២-២ នៅនាទីទី ៧៨ មុនពេលដែល Hakimi, Dembele និង Fabian Ruiz សុទ្ធតែមានឱកាសស៊ុតប្រកៀកនឹងគ្រាប់បាល់ជ័យជម្នះនៅចុងម៉ោង។

ប្រែសម្រួល៖​ គីរី

Most Popular

To Top