កីឡា

Manchester United បានស្មើ ២-២ ជាមួយម្ចាស់ផ្ទះ Sporting CP នៅទីក្រុង Lisbon ក្នុងការប្រកួតពានរង្វាន់ UEFA Champions League

បរទេស៖ លោក Mauricio Pochettino ទទួលបានពិន្ទុដំបូងរបស់ខ្លួនក្នុងនាមជាគ្រូបង្វឹក Manchester United ប៉ុន្តែលទ្ធផលស្មើ ២-២ ក្រៅដីទល់នឹង Sporting CP ក្នុងការប្រកួតដ៏ចលាចលនេះ ប្រៀបដូចជាការបាត់បង់ ២ ពិន្ទុយ៉ាងដូច្នោះដែរ។ ប្រធានក្រុម Bruno Fernandes បានស៊ុតបញ្ចូលទី ២ គ្រាប់ក្នុងរយៈពេល ២ នាទីទល់នឹងអតីតក្លឹបរបស់ខ្លួន ដើម្បីផ្លាស់ប្តូរស្ថានភាពការប្រកួត Champions League ឱ្យត្រឡប់មកវិញ ប៉ុន្តែ United មិនអាចរក្សាការនាំមុខបានរហូតដល់ចប់ នៅពេលដែលក្រុមម្ចាស់ផ្ទះតាមស្មើវិញនៅសល់ពេល ១០ នាទីចុងក្រោយ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី២៦​ ខែវិច្ឆិកា ឆ្នាំ២០២៦។

បន្ទាប់ពីបរាជ័យដ៏ខកចិត្ត ៤-០ នៅ Anfield ក្នុងការប្រកួតដំបូងក្រោមការដឹកនាំរបស់លោក Pochettino ក្រុម United បានធ្វើដំណើរមកកាន់កីឡដ្ឋាន Estadio Jose Alvalade ដោយចង់ឃើញនូវទម្រង់លេងមានរបៀបរៀបរយ និងសញ្ញានៃការងើបឡើងវិញ។ ក្នុងរយៈពេលជិតកន្លះម៉ោងដំបូង ពួកគេបង្ហាញភាពជឿជាក់ក្នុងការគ្រប់គ្រងបាល់គួរឱ្យកត់សម្គាល់ ដោយបញ្ជូនបាល់បាន ១៦២ លើកក្នុងរយៈពេល ២៥ នាទីដំបូង មុនពេលភាពចលាចលដែលបង្កឡើងដោយខ្លួនឯងបានចូលមកដល់។ Lisandro Martinez បានបង្កកំហុសឱ្យមានបាល់ពិន័យ ១១ ម៉ែត្រនៅនាទីទី ២៩ ដែលអ្នកចាំទី Senne Lammens សង្គ្រោះបានយ៉ាងងាយពីការស៊ុតរបស់ Luis Suarez ប៉ុន្តែត្រឹមតែ ៧៥ វិនាទីក្រោយមក អ្នកចាំទីសញ្ជាតិបែលហ្ស៊ិករូបនេះបានរត់ចេញមកក្រៅដោយខ្វះការប្រុងប្រយ័ត្ន រហូតប៉ះ Maxi Araujo ធ្វើឱ្យ Suarez ទាត់បាល់ពិន័យទីពីរចូលទីនៅនាទីទី ៣៣។

ភាពតានតឹងរបស់ United បានផ្ទុះឡើងនៅនាទីទី ៤០ នៅពេលដែល Amad Diallo តែតបាល់ចូលទីតាមស្មើ ប៉ុន្តែត្រូវបានវិនិច្ឆ័យមិនឱ្យគ្រាប់បាល់វិញយ៉ាងគួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពី Youri Tielemans ត្រូវបានផ្តល់កំហុសយ៉ាងតឹងរ៉ឹង និងទទួលបានកាតលឿងចំពោះការប៉ះទង្គិចក្នុងស្ថានភាពកសាងការវាយលុក។ សន្ទុះនៃការប្រកួតបានប្រែប្រួលភ្លាមៗបន្ទាប់ពីចាប់ផ្តើមវគ្គទីពីរ។ Martinez បានរកបានបាល់ពិន័យ ១១ ម៉ែត្រមួយគ្រាប់សម្រាប់ Fernandes ស៊ុតបញ្ចូលទីនៅនាទីទី ៤៨ មុនពេលដែលដីទីលានមិនស្មើគ្នា បានបង្វែរទិសដៅបាល់ស៊ុតពីចម្ងាយធម្មតា របស់ប្រធានក្រុមរូបនេះ ឱ្យផុតអ្នកចាំទី Kaique នៅ ២ នាទីបន្ទាប់។ ទោះយ៉ាងណា ការរង់ចាំរយៈពេល ៥ ឆ្នាំរបស់ United សម្រាប់ជ័យជម្នះក្រៅដីនៅ Champions League នៅតែបន្ត៖ Lammens បានទម្លាក់បាល់លើកធម្មតារបស់គូប្រកួតឱ្យ Suarez តាមស្មើវិញនៅនាទីទី ៨០ ខណៈ VAR បានបដិសេធគ្រាប់បាល់ចូលទីខ្លួនឯងរបស់ Kaique ដោយសារកំហុសបន្តិចបន្តួចរបស់ Patrick Dorgu ហើយ Tielemans ត្រូវបានបណ្តេញចេញពីទីលាននៅម៉ោងបន្ថែម ធ្វើឱ្យ United ត្រូវលេងជាមួយកីឡាករ ១០ នាក់ដើម្បីរក្សា ១ ពិន្ទុដែលគួរតែជា ៣ ពិន្ទុពេញ។

ប្រែសម្រួល៖​ គីរី

Most Popular

To Top